អភិបាលរាជធានីភ្នំពេញ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលក្រុងប៉ារីស នៅប្រទេសបារាំង

ក្រុងប៉ារីស៖​ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានអញ្ជើញជួបសម្ដែង ការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំងនៅរដ្ឋធានីប៉ារីស ប្រទេសបារាំង នាព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងជំនួបនោះលោកជំទាវ អាន អ៊ីដេហ្គោ Anne HIDALGO អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម អន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF បានសម្តែងការស្វាគមន៍ និង ថ្លែងអំណរគុណឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណ:អភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងសិន្នីសិទ AIMF និងកិច្ច ប្រជុំ ការិយាល័យអចិន្ត្រៃយ៍ AIMF។

យោងតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញពីទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី៣តុលា២០២៤នេះថា៖ ក្នុងឱកាសនៃជំនួបសម្តែងការគួរសមខាងលើនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការអភិវឌ្ឍ និងការរីកចម្រើន នៃទីក្រុងរៀងៗខ្លួន ព្រមទាំងបញ្ហាប្រឈមដែលមានលក្ខណៈដូចគ្នាមួយចំនួនរួមមាន ៖ បញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាបរិស្ថាន។ល។

លោកជំទាវបានចែករំលែកអំពីបទពិសោធន៍ និងយន្តការមួយចំនួន ដែលទីក្រុងប៉ារីសកំពុងដោះស្រាយបញ្ហាប្រឈមរួមមាន៖បញ្ហា ចរាចរណ៍ ទីក្រុងប៉ារីសបានជ្រើសរេីសយកការសាងសង់បន្ថែមនូវរថភ្លេីង លើដី (tramway) នៅព័ទ្ធជ៉ំវិញទីក្រុងប៉ារីស ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនដែលធ្វើឱ្យកកស្ទះចរាចរណ៍ បំពុលបរិស្ថាន។

អ្នកនាំពាក្យបន្តថា ពាក់ព័ន្ធបញ្ហា បរិស្ថាន៖ ការសម្អាតទន្លេសែន (la Seine) ឱ្យបានស្អាតគឺជាយន្តការចម្បងមួយក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការកើនឡើងកម្តៅនៅទីក្រុងប៉ារីស។ ជាមួយគ្នានេះ លោកជំទាវ អាន អ៊ីដេហ្គោ Anne HIDALGO អភិបាលទីក្រុងប៉ារីស បានលើកឡើងថា៖ទីក្រុងប៉ារីសបានកសាងនូវកន្លែងស្តុកទឹកភ្លៀងខ្នាតធំ ដើម្បីចៀសវាងការ ហូរចូល លាយឡំ ទឹក ភ្លៀង និង ទឹក ស្អុយ នៅពេលមានធ្លាក់ភ្លៀងខ្លាំង។
ក្នុងជំនួបនេះ ផងដែរ លោកជំទាវអភិបាលក្រុងប៉ារីសក៏បានអញ្ជេីញឯកឧត្ដមឃួង ស្រេង អភិបាល រាជធានីភ្នំពេញនិងគណៈប្រតិភូដេីម្បី អញ្ជើញ ទស្សនា ផ្ទាល់ នៅស្ថានីយរថភ្លេីង Tramway ដែលទេីបតែសាងសង់រួចសម្រាប់ទទួលភ្ញៀវអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិចផងដែរ ហេីយ ឯកឧត្ដម អភិបាល ក៏បាន ឯកភាព លេីការ អញ្ជើញ នេះ ដែរ។
ជាមួយគ្នានេះ លោកជំទាវអភិបាលក្រុងប៉ារីសក៏បានបង្ហាញពីគម្រោង”ភូមិ១៥នាទី ” នៅសង្កាត់ទី១៥ នៃទីក្រុងប៉ារីស ដែលជាភូមិដែលប្រជាពលរដ្ឋចំណាយពេលវេលាត្រឹមតែ១៥នាទីពីផ្ទះរបស់ខ្លួនទៅសាលារៀន តំបន់ពាណិជ្ជកម្ម មន្ទីរពេទ្យ កន្លែងវប្បធម៌ផ្សេងៗ។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថាជាការឆ្លើយតបក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណ:អភិបាល រាជធានីភ្នំពេញ បាន សម្តែង ការ ចាប់ អារម្មណ៍ ពី សារៈសំខាន់ នៃ គម្រោង នេះ ហេីយ ឯកឧត្ដម បានស្នេីសុំលោកជំទាវអភិបាលក្រុងប៉ារីសដេីម្បីយក គំរូនៃ គម្រោង នេះ ទៅសាកល្បងអភិវឌ្ឍរាជធានីភ្នំពេញ ក្នុង ការ ផ្តល់ ភាព ងាយស្រួលដល់ការរស់នៅ និងអាច មានសេវាគ្រប់គ្រាន់បម្រេីឱ្យជីវភាពរស់នៅប្រចាំរបស់ ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញកាន់តែប្រសេីរឡេីងផងដែរ។

ជារួម ភាគីទាំងពីរ បានបង្ហាញនូវ ការ ប្ដេជ្ញា ចិត្ត រួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងក្របខណ្ឌទីក្រុង និងទាំងក្នុងក្របខណ្ឌសមាគម AIMF ឲ្យកាន់តែប្រសើរឡើង។ គួរបញ្ជាក់ថា៖កាលពីម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៤ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញចាកចេញពីរាជធានីភ្នំពេញដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៏លើកទី១០២នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF) នៅទីក្រុងប៉ារីស ប្រទេសបារាំង៕