អភិវឌ្ឍតំបន់ភ្នំខ្នងផ្សារ អនុសាសន៍សម្តេចបវរធិបតីការរក្សាធម្មជាតិ និងបង្កើតប្រយោជន៍សេដ្ឋកិច្ចសម្រាប់សហគមន៍

បន្ទាប់ពីការដកបង្គោលព្រំដី និងបញ្ចប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារតាម អនុសាសន៍ដ៏ម៉ឺងម៉ាត់របស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក្រុមការងារអន្តរក្រសួង (រួមមានក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍) និងអាជ្ញាធរខេត្តកំពង់ស្ពឺ បានរួមគ្នាពិភាក្សា និងពិនិត្យលទ្ធភាពទីតាំងនៅតំបន់នេះ ដើម្បីធ្វើឱ្យការអភិវឌ្ឍតំបន់ប្រសើរឡើងបន្ថែមទៀត។ គម្រោងនេះមានគោលបំណងធ្វើឱ្យការអភិវឌ្ឍសេដ្ឋារចនាសម្ព័ន្ធទៅលើតំបន់ភ្នំខ្នងផ្សារ ដោយស្របតាមអនុសាសន៍របស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលមានដូចជា៖ ទីតាំងសម្រាកតាមផ្លូវថ្មើរជើង, ការរៀបចំធុងសំរាម, ផ្លូវឡើងភ្នំសម្រាប់យានជំនិះ, អង់តែនសេវាទូរស័ព្ទ, ទីតាំងចំណត, បន្ទប់ទឹក, ទីតាំងសម្រាប់លក់អាហារ និងភេសជ្ជៈ ព្រមទាំងកញ្ចប់សេវាកម្មទេសចរណ៍ជូនដល់សហគមន៍តាំងបំពង់ផងដែរ ។ 

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានកំណត់គោលការណ៍ចម្បងថា “ការអភិវឌ្ឍតំបន់ភ្នំខ្នងផ្សារ ត្រូវគិតគូរពីសោភ័ណភាព និងរក្សាភាពដើមនៃធម្មជាតិ”។ គម្រោងនេះមានគោលបំណងធ្វើឱ្យការអភិវឌ្ឍតំបន់នេះ មានលទ្ធផលទទួលបានប្រយោជន៍សម្រាប់ទេសចរណ៍ និងសហគមន៍ក្នុងតំបន់។

គម្រោងនេះមានគោលបំណងមិនត្រឹមតែបង្កើតភាពងាយស្រួលសម្រាប់អ្នកទេសចរ និងប្រជាជនក្នុងតំបន់ទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសជំនួសការងារ និងជួយលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់តាមរយៈការសាងសង់សេវាកម្មទេសចរណ៍។ ជាមួយគ្នានេះ គម្រោងនេះនឹងមានផ្លូវការអភិវឌ្ឍបរិស្ថានដើម្បីរក្សា និងពង្រឹងធម្មជាតិក្នុងតំបន់។

សម្តេចបវរធិបតី បានផ្តល់ការណែនាំថា គម្រោងនេះគួរត្រូវបានអនុវត្តនៅលើគោលការណ៍ការរក្សាភាពដើមនៃធម្មជាតិ និងការរួមចំណែករបស់សហគមន៍ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងបញ្ចេញសេវាកម្មទេសចរណ៍។