អាជ្ញាធរខេត្តមណ្ឌលគិរី ជម្រុញដល់មហាជនចូលរួមថែរក្សាអនាម័យដេីម្បីភូមិឋានស្អាត សង្គមបៃតង និងបរិស្ថានចីរភាព

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ ភូមិឋានស្អាត សង្គមបៃតង បរិស្ថានចីរភាព ដោយមានការ ចូលរួមពីលោក ងិន សុវិមាន អភិបាលរងខេត្ត,លោកស្រី វិន ស៊ីធួន តំណាងសមាគមកាយឬទ្ឋិនារីកម្ពុជា ខេត្តមណ្ឌលគិរី និងចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយឬទ្ឋិខេត្ត ជាច្រេីនរូប ។ ពិធីនេះបានរៀបចំឡេីងនៅរូបសំណាក់ដំរីដែក ក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្នុងឱកាសនោះ ងិន សុវិមាន អភិបាលរងខេត្ត ប្រកាសគាំទ្រជំរុញឱ្យយុទ្ធនាការនេះ ក្លាយជាសកម្មភាព ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ និងវិស័យឯកជន នៅក្នុងមូលដ្ឋានឱ្យបានផុសផុលថែម ទៀត ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ឱ្យទទួលបានភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីប្រែក្លាយឱ្យខេត្តមណ្ឌលគិរីស្អាត កម្ពុជាស្អាត មានបរិស្ថានល្អ មានសោភ័ណភាព និងការទាក់ ទាញអ្នកទេសចរ និងអ្នកវិនិយោគបន្ថែមទៀត សម្រាប់ឧត្តមប្រយោជន៍ បម្រើជូនប្រជាជនកម្ពុជា។

លោកឌិន ប៊ុនធឿន ប្រធានមន្ទីរស្ដីទីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមានប្រសាសន៍ថា ដើម្បីកម្ពុជាស្អាត ទីក្រុង ទីប្រជុំជន ជាពិសេសផ្ទះយើងស្អាត យើងត្រូវយកចិត្តទុកដាក់ ការគ្រប់គ្រងទុកដាក់សំរាមសំណល់ រឹង សំណល់រាវ ឱ្យបានត្រឹមត្រូវ  ចូលរួមអនុវត្តកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិកនិងថង់ប្លាស្ទិក,ចេះវេចខ្ចប់ និងញែកសំរាម តាមប្រភេទ ដូចជា សំណល់អាចកែច្នៃបាន (សំណល់អេតចាយ) សំណល់សរីរាង្គដែលពុកផុយរលួយសំណល់ផ្ទុកសារធាតុគ្រោះថ្នាក់និងសំណល់ ផ្សេងៗទៀត  ដើម្បីយកសំណល់មួយចំនួន ឱ្យមានតម្លៃខាងសេដ្ឋកិច្ច កាត់បន្ថយបរិមាណសំរាមសំណល់រឹង នៅតាមទីលាន ឬតាមរណ្តៅចាក់សំរាម និងរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អ ស្អាត បៃតង និងចីរភាព ដែលបានចែងនៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ហើយដែលត្រូវអនុវត្តដើម្បីកម្ពុជាឆ្ពោះ ទៅសម្រេច ទស្សនវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់ និងជាប្រទេសអព្យាក្រឹតកាបូន។ 

សូមបញ្ជាក់ថា ក្នុងរយៈពេលជាង១ឆ្នាំមកនេះ ក្រសួង បរិស្ថាន បានខិតខំលើកកម្ពស់ ប្រសិទ្ធភាពការងារតាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើបប្រើប្រាស់បច្ចេកវិទ្យាថ្មី និងកែលម្អនូវក្របខណ្ឌច្បាប់ និងគោលនយោបាយជាបន្តបន្ទាប់។ យុទ្ធសាស្រ្តទី១ ភាពស្អាត នៃយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន ផ្កោតលើ (ស្អាតលើដី-ក្នុងទឹក-និងលើមេឃ)។ ស្អាតលើដី ផ្តើមចេញពីយុទ្ធនាការ នៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ និងវិស័យឯកជន ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋចំពោះបរិស្ថាន តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ 

ជាលទ្ធផលគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ»មានសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចូលរួមប្រមាណ ៩លាន ៧សែននាក់ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមចំនួនជាង ៣លាន ៦សែននាក់។ ក្រសួងបរិស្ថាន បាននិងកំពុងចែកជូនធុងសំរាម ដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌល សុខភាព និងវត្តអារាមមានធុងដាក់សំរាមឱ្យបានត្រឹមបត្រូវ មានភាពស្អាត មិនមានសំរាមរាយប៉ាយធ្វើឱ្យប្រសើរឡើង នូវគុណភាពបរិស្ថាននៅក្នុងមូលដ្ឋាន និងក្នុងគោលបំណងសម្រេចបានផែនការសកម្មភាពជាយុទ្ធសាស្រ្ត «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវ ចិញ្ចើមផ្លូវជាតិនៅឆ្នាំ២០២៥»៕