អាជ្ញាធរជាតិជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបំផុសឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug

ខេត្តបាត់ដំបង : ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចាត់បញ្ជូនមន្ត្រីជំនាញចូលរួមជាវាគ្មិនក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ នៅស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន៣៨១ នាក់ ( ស្រីចំនួន ១៦៥ នាក់ ) ។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានថ្លែងអំណរគុណដល់ក្រសួងក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋហើយលោកបានចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនក៏ដូចជាបច្ចុប្បន្នភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមប្រព័ន្ធបច្ចេកវិទ្យា App NoDrug ។

ក្នុងនាមឯកឧត្តម សុខ សូកាន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងឱកាសនោះដែរ លោកជំទាវ វី ស្រីពៅ បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមគោរពច្បាប់កន្លងមក ការចូលរួមគោរពច្បាប់គឺជាសិទ្ធនិងកាតព្វកិច្ច ហើយការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងនិងចូលរួមអនុវត្តច្បាប់គ្រប់គ្នាប្រទេសនិងទទួលបាននូវសុខសុវត្ថិភាពមានការរីកចម្រើនកាត់បន្ថយបាននូវអំពើហិង្សានានា។

ក្នុងឱកាសនោះដែរ លោកជំទាវ វី ស្រីពៅ បានបំផុសឲ្យអ្នកពាក់ព័ន្ធទាំងអស់ពិសេសយុវជន អាជ្ញាធរមូលដ្ឋានត្រូវតែធ្វើការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug ដល់យុវជនឯទៀត និងប្រជាពលរដ្ឋដើម្បីឲ្យពួកគេមានមធ្យោបាយគ្រប់គ្រាន់ក្នុងការសហការរាយការណ៍សុំការដោះស្រាយរាល់ករណីគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ពួកគាត់។