អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ និងលទ្ធផលការអង្កេតជាតិនៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍លើកទី៧

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានគូសបញ្ជាក់ថា“ការដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨(NSP VI)និង លទ្ធផលការអង្កេតជាតិនៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០- ២០២២(NASA VII)

គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍របស់  កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលា ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ និងលទ្ធផលការអង្កេតជាតិនៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍លើកទី៧។

តាមរយៈការធានានូវវិធីសាស្រ្តពហុវិស័យប្រកបដោយនិរន្តរភាពចំពោះជំងឺរាតត្បាត យើងកំពុងស្ថិតនៅលើផ្លូវដើម្បីសម្រេចបាននូវគោលដៅរបស់យើងក្នុងការលុបបំបាត់មេរោគអេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នៅឆ្នាំ២០២៨។ លើសពីនេះ លទ្ធផលការអង្កេតជាតិនៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២(NASA VII)ផ្តល់នូវការយល់ដឹងសំខាន់ៗអំពីរបៀបដែលយើងអាចបង្កើនប្រសិទ្ធភាពធនធានរបស់យើង ដើម្បីដោះស្រាយតម្រូវការរបស់អ្នកដែលរស់នៅជាមួយ និងរងផលប៉ះពាល់ដោយមេរោគអេដស៍ឱ្យកាន់តែប្រសើរឡើង។ យើងសូមថ្លែងអំណរគុណចំពោះការគាំទ្រផ្នែកបច្ចេកទេសពីអង្គការUNAIDS ដែលបានផ្តល់ការគាំទ្រដល់ការរៀបចំឯកសារយុទ្ធសាស្ត្រដែលផ្អែកលើភស្តុតាងសម្រាប់បន្ត និងជំរុញការឆ្លើយតបមេរោគ   អេដស៍របស់ប្រទេសកម្ពុជា”។

លោកវេជ្ជបណ្ឌិត Ye Yu Shwe តំណាងអង្គការUNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និង    ម៉ាឡេស៊ី បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នានៅពីក្រោយការរៀបចំ និងការប្រកាសដាក់ឱ្យដំណើរជាផ្លូវការ   ឯកសារសំខាន់ៗទាំងពីរនេះ បាន ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការវិនិយោគដែលមិនផ្លាស់ប្តូររបស់កម្ពុជាក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍។ ឯកសារយុទ្ធសាស្ត្រទាំងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការរៀបចំការឆ្លើយតបរបស់កម្មវិធីអេដស៍នាពេលអនាគត និងធានាថាធនធានត្រូវបញ្ជូនដល់អ្នកដែលត្រូវការបំផុត រួមទាំងសម្រាប់ប្រជាជនគន្លឹះ និងអ្នកដែលងាយរងគ្រោះបំផុតចំពោះការឆ្លងមេរោគអេដស៍។ អង្គការUNAIDS ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨(NSP VI)និងដំណើរឆ្ពោះទៅរកស្ថានភាពមួយដែលគ្មានការឆ្លងថ្មី គ្មានការស្លាប់និងគ្មានការមាក់ងាយរើសអើងទាក់ទងនឹងជំងឺអេដស៍”។

ការប្រកាសដាក់ឱ្យដំណើរជាផ្លូវការ ឯកសារទាំង២ខាងលើប្រារព្ធឡើងនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗរួមមាន តំណាងរដ្ឋាភិបាល ដៃគូអន្តរជាតិ និងអង្គការសង្គមស៊ីវិល។

កន្លងមកភាពជាដៃគូ និងកិច្ចសហការ គឺជាចំណុចស្នូលនៃភាពជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដស៍ របស់ប្រទេសកម្ពុជា។ ការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨(NSP VI)នឹងបន្តមរតកនេះដោយចាត់ទុកថាជាធាតុផ្សំដែលនាំប្រទេសកម្ពុជាធ្វើដំណើរឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ប្រកបដោយ ជោគជ័យ៕