អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍÷បើកកិច្ចប្រជុំពិនិត្យលទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ ក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍

រាជធានីភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំគ្រានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍លើកឡើង អំពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយបានកំណត់គោលដៅចម្បងៗចំនួន៧ រួមមាន៖ (១)ពង្រឹងប្រព័ន្ធជាតិឆ្លើយតបពហុវិស័យចំពោះមេរោគអេដស៍និងជំងឺអេដស៍ (២)ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ (៣)ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំនិងព្យាបាល (៤)ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម (៥)បញ្ចប់ការរើសអើងនិងមាក់ងាយ (៦)ចលនាធនធាន (៧)ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាននិងវាយតម្លៃ។កាលដែល ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  ថ្លែងនៅខាងលើនោះ ក្នុងឳកាស ឯកឧត្តមបានអញ្ជើញចូលរួមបើកកិច្ចប្រជុំថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ដោយមានការចូលរួមពីឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ។ ក្នុងកិច្ចប្រជុំនោះក៏បានរាយការណ៍ពីវឌ្ឍនភាពក្នុងការគ្រប់គ្រង និងឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ក្នុងវិស័យសុខាភិបាល លើគោលដៅទី២ និងទី៣ នៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយផ្តោតសំខាន់លើអន្តរាគមន៍គន្លឹះ នៃការបង្ការ ការថែទាំ និងការព្យាបាលជំងឺអេដស៍នៅកម្ពុជា។សូមបញ្ចាក់ថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤  រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដោយមានចក្ខុវិស័យរយៈពេលវែងសំដៅធានាថាប្រជាជនកម្ពុជាមានសុខភាពល្អ និងរស់នៅប្រកបដោយសុខុមាលភាព គ្មានការភ័យខ្លាចដោយសារជំងឺអេដស៍៕