ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែង បើកសន្និបាតកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រីនេះថា÷
ក្នុងរយៈពេលមួយឆ្នាំនោះ យើងបានបំពេញភារកិច្ចយ៉ាងសកម្មរួមគ្នា ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍និងជំងឺអេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពថវិកាមានបញ្ហាប្រឈម រួមនឹងនិន្នាការធ្លាក់ចុះនៃហិរញ្ញប្បទានក្រៅប្រទេស។ នៅក្នុងរយៈពេលផ្ទេរដំណាក់កាលនេះ យើងទាំងអស់គ្នាចាប់ផ្តើមបំពេញតួនាទីក្នុងភាពជាម្ចាស់ រួមនឹងការពង្រឹងភាពជាអ្នកដឹកនាំ ជាពិសេសការទទួលខុសត្រូវរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅតាមបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត រួមជាមួយអង្គការដៃគូ ក្នុងការពង្រីកសក្តានុពលនៃបទអន្តរាគមន៍នានា ក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវ និងជំរុញលើកទឹកចិត្តអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ ឱ្យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅ៩៥ទីមួយ។
រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីសុឆន្ទៈនយោបាយដ៏មោះមុត ឆ្ពោះទៅសម្រេចបាននូវគោលដៅ និងការបញ្ចប់ការគំរាមកំហែងពីមេរោគអេដស៍និងជំងឺអេដស៍ ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមគាំទ្រយ៉ាងសកម្ម ទូលំទូលាយ និងពហុវិស័យពីបណ្តាស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា កាលពីខែមេសា ឆ្នាំ២០២៣កន្លងទៅនោះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល/មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការUNAIDS បានរួមគ្នាផ្សព្វផ្សាយការប៉ាន់ប្រមាណមេរោគអេដស៍ចុងក្រោយបង្អស់របស់កម្ពុជា ដែលទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែង និងការវិនិយោគរបស់យើងត្រូវបានផ្តោតគោលដៅលើការកាត់បន្ថយការឆ្លងថ្មីក្នុងចំណោមបុរស ការលុបបំបាត់ការចម្លងពីម្តាយទៅកូន កុមារដែលផ្ទុកមេរោគអេដស៍ ជាមួយនឹងសេវាកម្មនានាទាំងក្នុងផ្នែកសុខាភិបាល និងផ្នែកមិនមែនសុខាភិបាល។
ទន្ទឹមនឹងនេះ ទោះបីជាយើងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបំពេញគម្លាតនៅក្នុងគោលដៅ៩៥ទី១ក៏ដោយ ក៏ការបង្ការនៅតែជាបញ្ហាប្រឈម ក្នុងខណៈពេលដែលការព្យាបាលបានគ្របដណ្តប់កម្រិតយ៉ាងខ្ពស់។ ការកើនឡើងនូវអត្រានៃការឆ្លងថ្មីក្នុងចំណោមយុវវ័យ មានរហូតដល់៤៣%។ ក្នុងនោះ ការយល់ដឹងពីមេរោគអេដស៍និងជំងឺអេដស៍នៅមានកម្រិតទាប ការរួមភេទជាក្រុមដោយប្រើប្រាស់គ្រឿងញៀន(Chemsex) កំណើននៃការណាត់ជួបតាមអ៊ីនធឺណេតនិងតាមបណ្តាញទំនាក់ទំនងផ្លូវភេទ ការប្រើប្រាស់ស្រោមអនាម័យមានកម្រិតទាប និងអត្រាប្រេវ៉ាឡង់ខ្ពស់នៃជំងឺកាមរោគបានធ្វើឱ្យយុវវ័យប្រឈមនឹងហានិភ័យខ្ពស់ងាយឆ្លងមេរោគអេដស៍។ ចំណែកឯក្នុងផ្នែកបង្ការ យើងនៅមិនទាន់មានហិរញ្ញប្បទានគ្រប់គ្រាន់ ដែលជាកត្តារារាំងដល់ការខិតខំប្រឹងប្រែងជាពហុវិស័យក្នុងការបញ្ឈប់ការឆ្លងថ្មី និងការរកឱ្យឃើញអ្នកទើបតែឆ្លងថ្មី ដើម្បីពួកគេទទួលបានការព្យាបាលក្នុងពេលតែមួយ។ បន្ថែមលើនេះ ការបង្ការផ្តោតតែលើការរកឱ្យឃើញករណីជាជាងការបង្កើនចំណេះដឹងនិងការយល់ច្បាស់ពីហានិភ័យ ព្រមទាំងការផ្លាស់ប្តូរការប្រព្រឹត្តដែលអាចឱ្យក្រុមប្រជាជនគន្លឹះ និងយុវជនបង្ការការពារខ្លួនបាន។
ឯកឧត្តម មានជំនឿជឿជាក់ថា អង្គសន្និបាតរបស់យើងនឹងទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗដែលបានមកពីការអនុវត្តជាក់ស្តែងរបស់សមាជិក សមាជិកា ហើយអាចយកទៅប្រើប្រាស់ក្នុងការកែលម្អនិងអនុវត្តកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្តរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរថែមទៀត៕