អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងខេត្តបាត់ដំបងពង្រឹងសមត្ថភាពមន្ត្រីបង្ការទប់ស្កាត់គ្រឿងញៀន
ខេត្តបាត់ដំបង: ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ក្រោមជំនួយឧបត្ថម្ភពីក្រុមប្រឹក្សាទួលពិនិត្យគ្រឿងញៀនថៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបងបើកសិក្ខាសាលាផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងស្តីពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀនដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ ។
លោក ស៊ុន ណាវុធ តំណាងរដ្ឋបាលស្រុកកំរៀងបានមានរបាយការណ៍ស្វាគមន៍ពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់។
លោក ស៊ូប៉ាផាត់ ហ៊ីបឱសថ អគ្គទីប្រឹក្សាអមស្ថានទូតថៃប្រចាំកម្ពុជាទទួលបន្ទុកការងារគ្រឿង ញៀនបានមានប្រសាសន៍ដោយថ្លែងអំណរគុណដល់ភាគីកម្ពុជាដែលបានសហការជាជាមួយភាគីថៃលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន។
ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំនិងទំនាក់ទំនងសាធារណៈ បានថ្លែងអរគុណដល់ ONCB ថៃ ដែលបានផ្តល់ការគាំទ្រលើការងារលើកកម្ពស់សមត្ថភាពមន្រ្តីលើការងារផ្សព្វផ្សាយអប់រំដែលនឹងធ្វើប្រឱ្យប្រជាពលរដ្ឋទទួលបានចំណេះដឹងដូចគ្នាព្រោះថាមន្ត្រីនឹងផ្ទេរចំណេះដឹងដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនហើយពួកគាត់ឈប់ចាញ់កល់ល្បិចអាចការពារខ្លួន ការពារកូនចៅ ក្រុមគ្រួសារ ហើយចូលរួមបង្ការទប់ស្កាត់គ្រឿងញៀនឆ្លងកាត់ព្រំដែននិងបានស្នើសុំឲ្យគ្រប់សមាសភាពទាំងអស់ត្រូវបំផុស ជំរុញឱ្យប្រជាពលរដ្ឋទាញយកApp NoDrug : https://nodrugsnacd.com/download ប្រើប្រាស់និងរាយការណ៍រាល់ករណីគ្រឿងញៀន។
ថ្លែងក្នុងនាមឯកឧត្តម សុខ លូ អភិបាលខេត្ត ក្នុងឱកាសនោះដែរ ឯកឧត្តម ធូ ភា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកក្នុងការងារបង្ការ ទប់ស្កាត់ បង្ក្រាប បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានខេត្តបាត់ដំបងហើយលោកសូមអំពាវនាវដល់គ្រប់សមាសភាពត្រូវបន្តពង្រឹងនូវសមត្ថភាពរបស់ខ្លួនពិសេសបន្តការងារផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋតាមគ្រប់លទ្ធភាពដើម្បីឲ្យពួកគាត់មានចំណេះដឹងមូលដ្ឋានចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាសត្រូវរួមរបស់យើងទាំងអស់គ្នាសំដៅការពារបាននូវក្រុមគ្រួសារយើងសហគមន៍យើងគ្មានគ្រឿងញៀន ” ប្រជាជនម្នាក់គឺជាអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់”។
បញ្ជាក់:សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល០២ថ្ងៃគឺថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៤។