អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ដល់សិស្សសាលាអន្តរទ្វីបអាមេរិកាំង៣៥០នាក់

រាជធានីភ្នំពេញ ៖ ថ្ងៃទី១៩-២០ ខែកុម្ភ: ឆ្នាំ២០២៥ សិស្សសាលាអន្តរទ្វិបអាមេរិកាំងថ្នាក់ទី៧ ទី៨ ទី៩ ចំនួន៣៥០នាក់ នៅសាខាចោមចៅ ចាក់អង្រែក្រោម ទទួលបានចំណេះដឹងពីសិក្ខាសាលាស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ។
នាយកចាងហ្វាង សាខាសាលាអន្តរទ្វីបអាមេរិកកាំងចោមចៅ ចាក់អង្រែក្រោម បានថ្លែងស្វាគមន៍និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់នូវបញ្ហាផ្សេងៗពាក់ព័ន្ធនឹងគ្រឿងញៀនសាលាបានរៀបចំនូវសិក្ខាសាលាស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ជូនដល់សិស្សថ្នាក់ទី៧ ទី៨ ទី៩។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានពាំនាំនូវការកោតសរសើរ ថ្លែងអំណរគុណ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកសាលាអន្តរទ្វីបអាមេរិកាំងនិងគណៈគ្រប់គ្រងការិយាល័យកណ្ដាលដែលបានចូលរួមលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ដើម្បីពួកគេមានចំណេះដឹងគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែសកម្មបន្ថែមទៀត។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ថ្លែងបន្តថាការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនតាមរយៈសិស្សានុសិស្សពិតជាបានដល់ក្រុមគ្រួសារនិងសហគមន៍របស់ពួកគាត់ព្រោះថាពួកគាត់មានឱកាសចូលមកសិក្សាផ្ទាល់ទទួលចំណេះដឹងផ្ទាល់ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដូច្នេះពួកគាត់នឹងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការជួយអប់រំក៏ដូចជាអង្កេតទៅលើសមាជិកក្រុមគ្រួសាររបស់ពួកគាត់ថាពេញមួយថ្ងៃនេះតើសមាជិករបស់ពួកគាត់ទៅទីណាខ្លះគាត់ទៅសិក្សាឬទៅធ្វើការពិតប្រាកដមែនឬទេ “យុវជនល្អរួមគ្នាគាំទ្រកម្ចាត់គ្រឿងញៀន ” ។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានសំណូមពរដល់អ្នកចូលរួមសូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនប្រើបារីអេឡិកត្រូនិកនិងរួមគ្នាផ្សព្វផ្សាយនិងប្រើប្រាស់App NoDrug : https://nodrugsnacd.com/download ដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានទាំងអស់គ្នា ” សហគមន៍របស់ពួកគាត់រីកចម្រើនទៅបានលុះត្រាតែគ្មានបញ្ហាគ្រឿងញៀនញាំញី ” ។
វាគ្មិនឧត្តមសេនីយ៍ត្រី យិន យឿត ឧត្តមសេនីយ៍ត្រី ឈិន ភូមា បានបង្ហាញចែករំលែកជូនអ្នកចូលរួមនូវចំណេះដឹងទូទៅពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិចនិងការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។