អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បិតនូវ Sticker QR Code App NoDrug ដើម្បីឱ្យប្រជាពលរដ្ឋទាញយកប្រើប្រាស់
រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ អនុគណៈកម្មការជំរុញការប្រើប្រាស់និងបង្កើតមាតិកា App NoDrug សហការជាមួយអភិបាលរដ្ឋាករស្វយ័តរថយន្តក្រុងរដ្ឋបាលរាជធានីភ្នំពេញធ្វើការបិតផ្សាយនូវSticker QR Code App NoDrug ដើម្បីផ្សព្វផ្សាយជំរុញដល់ប្រជាពលរដ្ឋដែលប្រើប្រាស់សេវារថយន្តក្រុងជាង៦០០គ្រឿងរបស់រដ្ឋបាលរាជធានីភ្នំពេញទៅលេងស្រុកកំណើតនិងទស្សនាខេត្តភាគឦសាន ទាញយកApp NoDrug មកប្រើប្រាស់និងខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនតែងទទួលបាននូវកិច្ចសហការពីរដ្ឋបាលរាជធានីភ្នំពេញនិងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញធ្វើការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋទៅលេងស្រុកកំណើតតាមរយៈការប្រើប្រាស់សេវារថយន្តក្រុងក្នុងឱកាសបុណ្យចូលឆ្នាំក៏ដូចជាបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរគឺក្នុងគោលបំណងជាការដាស់តឿនក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋយើងឱ្យបង្កើនការប្រុងប្រយ័ត្ន ទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍។សម្រាប់ឆ្នាំ២០២៤នេះក្រោមការដឹកនាំរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនបានដាក់ឲ្យប្រើប្រាស់នូវការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមប្រព័ន្ធ digital គឺបានបង្កើតនៅដាក់ឱ្យប្រើប្រាស់នូវកម្មវិធី App NoDrug :https://nodrugsnacd.com/download សម្រាប់ផ្ដល់នូវចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជា ការរាយការណ៍រក្សាការសំងាត់រាល់ករណីគ្រឿងញៀនដើម្បីពង្រឹងបាននូវប្រសិទ្ធភាពដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។
ជាមួយនេះ ក្នុងនាម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី ឧត្តមសេនីយ៍ឯក លឹម តុងហួតសូមថ្លែងអំណរគុណដល់ ឯកឧត្តម ឃួង ស្រេង អភិបាល ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញដែលបានផ្ដល់នូវការអនុញ្ញាតសហការ រដ្ឋាករស្វយ័តរថយន្តក្រុង និងគ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលស៊ី LOLC ដែលបានឧបត្ថម្ភដល់ការបោះពុម្ពផ្សាយ QR Code App NoDrug និងខិត្តប័ណ្ណប្រឆាំងគ្រឿងញៀនផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន។