អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត។

រាជធានីភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងយានរាជធានីភ្នំពេញបើកសិក្ខាសាលាស្តីពីការ លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀននិងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនជូនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពីរាជធានីខេត្តនៅសរុបចំនួន៧០រូបនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ។

លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជាបានជម្រាបជូនពីគោលបំណងលើកកម្ពស់សមត្ថភាពចំណេះដឹងអំពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទទាំងអស់អាចយកចំណេះដឹងទាំងនេះទៅធ្វើការអប់រំនិងផ្សព្វផ្សាយបន្តជូនដល់បរិស័ទនិងប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងខ្លួន។

ក្នុងនាម ឯកឧត្តម ឃួង ស្រេង អភិបាល ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន សូរិទ្ធី អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានថ្លៃងដោយបានលើកឡើងពីលទ្ធផលក៏ដូចជាបទពិសោធន៍នានាពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងថាពាំនាំនូវការកោតសរសើរ អរគុណពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំពោះក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទកម្ពុជា ដែលបានចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យសាសនាពិសេសទៅលើការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដើម្បីចូលរួមធ្វើឲ្យសម្រេចបាននូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ការងារជាប្រឆាំងគ្រឿងញៀនជាការងារអាទិភាព។