អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍App NoDrug
ខេត្តស្ទឹងត្រែង: ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ និស្សិតចំនួនជាង២០០នាក់នៃសាលាមធ្យមសិក្សាភូមិភាគស្ទឹងត្រែងទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍App NoDrug ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកសាស្ត្រាចារ្យជំនួយ វេជ្ជបណ្ឌិត តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងបានមានប្រសាសន៍លើកឡើងពីសមិទ្ធផលនានាដែលថ្នាក់ដឹកនាំ និស្សិតរួមគ្នាអនុវត្តបាននាពេលកន្លងមកក៏ដូចជាការផ្ទេរនូវចំណេះដឹងពីសំណាក់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូដល់និស្សិតក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារផ្ដល់សេវាសុខាភិបាលនៅមូលដ្ឋាន។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធអគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណចំពោះការចូលរួមចំណែកក្នុងការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់សាលាសំដៅចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ថ្លែងបន្តទៀតថា បញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ត្រូវការចាំបាច់ការចូលរួមជួយពីគ្រប់សមាសភាពនៅមូលដ្ឋានដើម្បីកាត់បន្ថយឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀននៅថ្នាក់មូលដ្ឋានក៏ដូចជាសហគមន៍ ហើយការចូលរួមប្រើប្រាស់និងផ្សព្វផ្សាយឱ្យប្រើប្រាស់App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀនគឺលោកអ្នកនឹងទទួលបានការដោះស្រាយឆ្លើយតបបានទាន់ពេលវេលាហើយអ្នករាយការណ៍មានសុវត្ថិភាព ១០០% ព្រោះគ្មានអត្តសញ្ញាណរបស់អ្នករាយការណ៍នោះទេ។
ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានប្រាប់ឱ្យដឹងថា សិក្ខាកាមបានយល់ដឹងពីអ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន អត្ថប្រយោជន៍នៃការប្រើប្រាស់App NoDrug។