អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងបោសសម្អាតមីននៅក្នុងភូមិកោះប៉ោ ខេត្តកោះកុង ក្រោមក្រមខណ្ឌគម្រោងផ្តល់ផលរហ័ស “Quick Impact Projects”

(ភ្នំពេញ) ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរមីន និងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងបោសសម្អាតមីននៅក្នុងភូមិកោះប៉ោ ខេត្តកោះកុង ក្រោមក្រមខណ្ឌគម្រោងផ្តល់ផលរហ័ស “Quick Impact Projects” ដែលចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងលោកជំទាវបណ្ឌិត  Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា។

គម្រោងបោសសម្អាតមីននេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌា និងអនុវត្តគម្រោងដោយអាជ្ញាធរមីន ធ្វើការបោសសម្អាតលើផ្ទៃដីមានមីនចំនួន ១៩៦ ៨១០ ម៉ែត្រក្រឡា ក្នុងភូមិកោះប៉ោ ឃុំបាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ សូមបញ្ជាក់ថា ប្រទេសឥណ្ឌា បានចូលរួមបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០២២ ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន និងធ្វើការបោសសម្អាតនៅក្នុងខេត្តកោះកុង ហើយផ្ទៃដីប្រមាណ ២,២០ គីឡូម៉ែត្រក្រឡា បាននឹងកំពុងធ្វើការបោសសម្អាតដោយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC)។ ជាមួយគ្នានេះ ស្ថានទូតឥណ្ឌា ក៏បានរួមចំណែកក្នុងការផ្តល់នូវអវយវៈសិប្បនិមិត្តដល់ជនមានពិការភាពដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជាង ៧០០ នាក់ នៅខេត្តបន្ទាយមានជ័យ ផងដែរ។

ក្នុងឱកាសនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងការងារបោសសម្អាតមីនមនុស្សធម៌ ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកការរួមចំណែករបស់រដ្ឋាភិបាលឥណ្ឌា លើការងារបោសសម្អាតមីន ពិតជានាំមកនូវសុវត្ថិភាព ក្តីសង្ឃឹម និងឱកាសយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍដល់ប្រជាជននៅខេត្តកោះកុង។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ គឺជាតំណាងនៃការបោះជំហានទៅមុខបន្ថែមទៀតក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសកម្ពុជា និងឥណ្ឌា និងគូសបញ្ចាក់អំពីការបន្តគាំទ្ររបស់ប្រទេសឥណ្ឌា លើការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន។

លោកជំទាវបណ្ឌិត  Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលឥណ្ឌា ក្នុងក្របខណ្ឌគម្រោងផ្តល់ផលរហ័ស មិនត្រឹមតែចូលរួមចំណែកដល់ការងារបោសសម្អាតមីនប៉ុណ្ណោះទេ ថែមរួមចំណែកដល់ការអភិវឌ្ឍនៅទីជនបទ វិស័យអប់រំ និងការលើកកម្ពស់យេនឌ័រ ផងដែរ។ លោកជំទាវបណ្ឌិត បានបញ្ជាក់ទៀត ស្ថានទូតឥណ្ឌា រីករាយនឹងចូលរួមជាមួយអាជ្ញាធរមីនក្នុងការងារបោសសម្អាតមីនមនុស្សធម៌។