អាជ្ញាធរអគ្គិសនីកម្ពុជា បើកកិច្ចប្រជុំណែនាំពង្រឹងការអនុវត្តច្បាប់ សេចក្តីណែនាំនិងលិខិតបទដ្ឋាននានា ដល់អ្នកកាន់អាជ្ញាប័ណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាប័ណ្ណចែកចាយធំៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី 12 ខែធ្នូឆ្នាំ 2024 អាជ្ញាធរអគ្គិសនីកម្ពុជា បើកកិច្ចប្រជុំណែនាំពង្រឹងការអនុវត្តច្បាប់ សេចក្តីណែនាំនិងលិខិតបទដ្ឋាននានា ដល់អ្នកកាន់អាជ្ញាប័ណ្ណបញ្ជូនរងនិងអ្នកកាន់អាជ្ញាប័ណ្ណចែកចាយធំៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចំនួន166 អាជ្ញាប័ណ្ណ និងមានតំណាងចូលរួមចំនួន311 រូប។

ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីណែនាំពន្យល់ បំភ្លឺនិងពិភាក្សាអំពីចំណុចសំខាន់ៗដែលកំណត់ក្នុងលក្ខខណ្ឌអាជ្ញាប័ណ្ណ បទបញ្ញត្តិ សេចក្តីណែនាំ សេចក្តីសម្រេច និងគោលការណ៍នានា ដែលចេញដោយអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីឲ្យអ្នកកាន់អាជ្ញាប័ណ្ណទាំងអស់ យល់កាន់តែច្បាស់ ចៀសវាងបន្តយល់ខុសឬអនុវត្តខុស និងលើកឡើងអំពីចំណុចគោលសំខាន់ៗដែលត្រូវត្រួតពិនិត្យ និងតាមដានការអនុវត្ត និងពិភាក្សាលម្អិតលើចំណុចពាក់ព័ន្ធ, ហើយអាជ្ញាធរអគ្គិសនីកម្ពុជាចាប់ផ្ដើមត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់អ្នកកាន់អាជ្ញាបណ្ណ បើរកឃើញថានៅតែប្រព្រឹត្តខុស នឹងចាត់វិធានការច្បាប់ដោយពុំមានការអនុគ្រោះទៀតទេ។

ឯកឧត្តម យឹម វិសិដ្ឋ បញ្ជាក់ថា ចំណុចគោលសំខាន់ៗ ដែលអាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវត្រួតពិនិត្យនិងតាមដានរួមមាន បញ្ហាការដាច់ការផ្គត់ផ្គង់អគ្គិសនីដល់អ្នកប្រើប្រាស់, បញ្ហាគុណភាពនៃការផ្គត់ផ្គង់អគ្គិសនី ដល់អ្នកប្រើប្រាស់ទាំងលើបណ្ដាញបញ្ជូន និងទាំងលើប្រព័ន្ធផ្គត់ផ្គង់របស់សហគ្រាសឯកជននិងរដ្ឋ, បញ្ហាការផ្ដល់សេវាពាក់ព័ន្ធផ្សេងៗដល់អតិថិជនរបស់សហគ្រាសឯកជននិងរដ្ឋ, បញ្ហាការបង់កម្រៃសេវាក្រៅផ្លូវការ, ការពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធអនឡាញនិងប្រព័ន្ធទូរសព្ទក្នុងការផ្ដល់សេវានានាពាក់ព័ន្ធនឹងការផ្ដល់សេវាអគ្គិសនី។ 

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម សង្ឃឹមថា នឹងទទួលបានផលប្រយោជន៍ច្រើនពីព្រោះលទ្ធផល នៃកិច្ចប្រជុំនាពេលនេះនឹងអាចផ្សព្វផ្សាយតាមរយៈ អ្នកតំណាងដែលបានចូលរួម ទៅដល់ប្រធានក្រុមហ៊ុនឬអគ្គនាយក ឬអ្នកដែលទទួលខុសត្រូវលើការងារនេះផ្ទាល់ ហើយនិងបានជជែកពិភាក្សាពីបញ្ហានានា ពាក់ព័ន្ធនឹងគោលការណ៍ច្បាប់ សេចក្តីណែនាំ សេចក្តីសម្រេច នីតិវិធី និងការណែនាំគ្រប់បែបយ៉ាងរបស់អាជ្ញាធរអគ្គិសនីហើយយើងនឹងអាចរួមគ្នាអនុវត្តបានកាន់តែល្អប្រសើរ។