អំណោយជាថវិកា និងសម្ភារៈសិក្សាបន្ថែមត្រូវបានសប្បុរសជននានា នាំយកមកប្រគល់ជូន សាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល
សាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល បានទទួលអំណោយជាថវិកា និងសម្ភារៈសិក្សាបន្ថែមទៀត ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លាពីលោកបណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា រួមនិងសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។
សាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល ជាសាលាមត្តេយ្យសិក្សារបស់រដ្ឋ បានកសាងឡើងកាលពីក្នុងឆ្នាំ២០១៩ មានទីតាំងឋិតនៅស្រុកពារាំង ខេត្តព្រៃវែង។ សាលាមត្តេយ្យសិក្សានេះ ជានិច្ចកាលតែងទទួលបានការឧបត្ថម្ភគាំទ្រពីសប្បុរសជនានាទាំងក្នុង និងក្រៅប្រទេស ពិសេសលោកបណ្ឌិត និងអ្នកស្រី ព្រមទាំងសហការី ដែលកន្លងមក ទទួលបានសម្ភារៈសិក្សា និងសមិទ្ធផលជាច្រើនទៀតក្នុងសាលា មានដូចជា អគារសិក្សាចំនួន២ខ្នង មាន៩បន្ទប់ បន្ទប់ទឹកប្រុស ស្រី របងព័ទ្ធជុំវិញ តុគ្រូ តុសិស្ស កៅអីគ្រូ កៅអីសិស្ស សម្ភារៈល្បែងលេងក្រៅថ្នាក់ជាច្រើនបម្រើឲ្យការកំសាន្តរបស់កុមារជាសិស្សានុសិស្ស និងទូរទស្សន៍ស្មាតធីវីជាដើម។
លោកស្រី ឯក សុវណ្ណតារា នាយិកាសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល បានជម្រាបជូនថា បច្ចុប្បន្ន ក្នុងសាលាមតេយ្យសិក្សានេះ មានសិស្ស ចំនួន២៩៣ នាក់ ស្រីចំនួន ១៣៣ នាក់ និងបុគ្គលិក ១០ នាក់ អ្នកគ្រូចំនួន ៧ នាក គ្រូកិច្ចជាប់កិច្ចសន្យាចំនួន ៧ នាក់។ សាលាមតេយ្យសិក្សានេះ បានបែងចែកជាបីកម្រិត មានកម្រិតទាប មធ្យម និងកម្រិតខ្ពស់ ដោយទទួលសិស្សចូលរៀនចាប់ពីអាយុ ៣ រហូតដល់ ៥ ឆ្នាំ។
លោកស្រី នាយិកាបានឲ្យដឹងដែរថា ចាប់តាំងពីសាលាមតេយ្យសិក្សានេះបានបង្កើតមក លោកបណ្ឌិត ភីតថឺ លី និងអ្នកស្រី ឆាយ លីណា ព្រមទាំងសប្បុរសជននានា តែងយកចិត្តទុកដាក់ជួយគាំទ្រ និងបានជួយឧបត្ថម្ភដល់សិស្សានុសិស្ស និងសាលាមតេយ្យសិក្សា ទាំងថវិកា ទាំងសម្ភារៈ ព្រមទាំងគ្រឿងឧបភោគ បរិភោគជាច្រើន ដើម្បីជួយទំរុកបំរុងដល់ការសិក្សារបស់សិស្សានុសិស្ស ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ក្នុងឱកាសនេះ លោកបណ្ឌិត ភីតថឺ លី និងអ្នកស្រី ឆាយ លីណា ព្រមទាំងសប្បុរសជនទាំងអស់ បានឧបត្ថម្ភដល់សាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល មានជាប្រាក់ដុល្លារ ២៤០០ដុល្លារអាមេរិក និងថវិកាជាប្រាក់រៀលចំនួន ១លាន២សែនរៀល ព្រមទាំងសម្ភារៈសិក្សាដូចជា តុសិស្សជ្រុងចំនួន ៤២ កៅអីសិស្សចំនួន ១១៦ តុសិស្សវែងចំនួន ១២ តុគ្រូចំនួន ៣ ក្តារខៀនចំនួន ៣ និងបានឧបត្ថម្ភអង្ករចំនួន៥០០Kg ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីនាយិកា តាងនាមលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សានុសិស្សទាំងអស់ បានមានប្រសាសន៍ថា សាលាមតេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល កំពុងមានការរៀបចំតុបតែងសោភ័ណ្ឌភាពឲ្យមានភាពស្រស់ស្អាតបន្ថែមទៀត និងខិតខំប្រឹងប្រែងបង្រៀនកុមារជាសិស្សានុសិស្ស ដើម្បីជាកិច្ចតបស្នង និងថ្លែងអំណរគុណដល់សប្បុរសជននានា ជាពិសេសលោកបណ្ឌិត ភីតថឺ លី និងអ្នកស្រី ឆាយ លីណា ដែលបានជួយឧបត្ថម្ភគាំទ្រសាលាក្នុងរយៈពេលកន្លងមក ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា៕