អ៊ីស្រាអែលចាប់ផ្តើមវាយប្រហារឲ្យចំសំបុកក្រុម Hamas យ៉ាងចាស់ដៃនៅ GAZA បណ្តាលឲ្យមនុស្សស្លាប់ជាង៤០០នាក់ និងរបួសជាង៥០០នាក់! ខណៈលោក Netanyahu ចេញមកប្រកាសថាជនស៊ីវិលដែលស្លាប់គឺជាកំហុសរបស់ Hamas

បន្ទាប់ពីជាង៤៨ម៉ោងដែលអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ក្នុងគោលបំណងវាយលុកឲ្យចំគោលដៅរបស់ក្រុមហាម៉ាសយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងទឹកដីចាស់ចាប់តាំងពីមានបទឈប់បាញ់ចូលជាធរមានក្នុងខែមករាមក។ ការវាយប្រហារនេះបានបន្តសម្លាប់មនុស្សជាង៤០០នាក់ និងរបួសជាង៥០០នាក់ នេះបើយោងតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សា។ ក្រុមហាម៉ាស់បានព្រមានថាការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែលគឺបានរំលោភលើបទឈប់បាញ់របស់ពួកគេ និងធ្វើឱ្យជោគវាសនានៃចំណាប់ខ្មាំងអ៊ីស្រាអែលស្ថិតក្នុងគ្រោះថ្នាក់ហើយ។ ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានបំបែកពីរយៈពេលនៃភាពស្ងប់ស្ងាត់ដែលទាក់ទងគ្នាក្នុងអំឡុងខែបុណ្យរ៉ាម៉ាដនដ៏វិសុទ្ធរបស់មូស្លីមនិងបានបង្កើនការវិលត្រឡប់មកវិញក្នុងហេតុការណ៍ប្រយុទ្ធគ្នាជាថ្មីនៅក្នុងសង្គ្រាម ដែលមានរយៈពេលជាង១៧ខែមកនេះ បានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនស្លាប់រាប់ម៉ឺននាក់ និងបានបំផ្លិចបំផ្លាញទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សាដែរ។ បន្តមកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានចេញមុខមកប្រកាសនិងជំរុញប្រជាជនប៉ាឡេស្ទីនសូមជៀសវាងការទាក់ទងគ្នាជាមួយនឹងក្រុមភេរវករ Hamas ឲ្យសោះនៅពេលដែលអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសឆ្លងកាត់តំបន់ Gaza Strip នោះ។ លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដែលបានថតទុកជាភាសាអង់គ្លេសថា “រាល់ការស្លាប់របស់ជនស៊ីវិលគឺជាសោកនាដកម្ម ហើយរាល់ការស្លាប់ជនស៊ីវិលគឺជាកំហុសរបស់ក្រុមហាម៉ាស មិនមែនអ៊ីស្រាអែលទេ។ លោក Netanyahu បានបញ្ជាឱ្យមានការវាយប្រហារយ៉ាងចាស់ដៃ ដើម្បីបំបែកសំបុកហាម៉ាស់ ដោយបានសម្លាប់ស្ត្រី និងកុមារភាគច្រើនរាប់រយនាក់ បន្ទាប់ពីក្រុមហាម៉ាសបានបដិសេធការទាមទាររបស់អ៊ីស្រាអែល និងដើម្បីផ្លាស់ប្តូរកិច្ចព្រមព្រៀងបទឈប់បាញ់តែម្តង។ លោកបាននិយាយថា “ខណៈដែលអ៊ីស្រាអែលបានទទួលយកនូវការផ្តល់ជូនរបស់បេសកជនពិសេសរបស់ប្រធានាធិបតី Trump គឺលោក Steve Witkoff ក្រុម Hamas បានបដិសេធមិនធ្វើដូច្នេះនោះទេ។ ដែលនេះគឺជាមូលហេតុដែលខ្ញុំបញ្ជារបន្តសកម្មភាពយោធាប្រឆាំងនឹងក្រុមហាម៉ាស់កាលពីម្សិលមិញដែរ។ យុទ្ធនាការវាយលុកថ្មីនេះបានកើតឡើងនៅពេលដែលក្រុមជំនួយប្រកាសព្រមានថា ការផ្គត់ផ្គង់នានាកំពុងខ្វះខាតរយៈពេល២សប្តាហ៍ហើយ បន្ទាប់ពីអ៊ីស្រាអែលបានកាត់ផ្តាច់អាហារ ឱសថ ប្រេងឥន្ធនៈ និងទំនិញផ្សេងទៀតទាំងអស់ដល់ប្រជាជនប៉ាឡេស្ទីនជាង២លាននាក់នៅហ្គាហ្សា។ បេសកកម្មបន្តប្រឆាំងនឹងក្រុមហាម៉ាស់ គឺទទួលបានការគាំទ្រពីអ៊ីរ៉ង់ និងបានកើតឡើងនៅចំពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បង្កើនកំដៅពាក្យសំដីវាយប្រហារគ្នាដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ