អ៊ីស្រាអែលសម្រុកវាយប្រហារអគារខ្ពស់មួយនៅទីក្រុង Beirut ដែលពួកគេចាត់ទុកថាជាឃ្លាំងស្តុកអាវុធផ្តល់ជំនួយដល់ក្រុមហាម៉ាស ដើម្បីប្រឆាំងនឹងអ៊ីស្រាអែលជារឿយៗ 

យោធាអ៊ីស្រាអែលបានវាយប្រហារអគារមួយនៅឯជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut នៅព្រឹកថ្ងៃអង្គារនេះ ដោយបានសម្លាប់មនុស្ស៣នាក់។ ការវាយប្រហារមួយនេះគឺអ៊ីស្រាអែលបាននិយាយថាជាការវាយប្រហារតាមគោលដៅកំណត់របស់ខ្លួនទៅលើសមាជិកក្រុមសកម្មប្រយុទ្ធ Hezbollah ។ ការវាយប្រហារតាមអាកាសបានធ្វើឡើងដោយមិនមានការព្រមានជាមុនឡើយ នៅប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារលើរដ្ឋធានីបៃរូតនៃប្រទេសលីបង់កាលពីថ្ងៃសុក្រនេះ និងជាលើកដំបូងចាប់តាំងពីបទឈប់បាញ់បានបញ្ចប់ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធ Hezbollah ក្នុងខែវិច្ឆិកាមក។ យោធាអ៊ីស្រាអែលបានព្រមានអ្នកស្រុកនៅតំបន់ជាយក្រុងដែលមានមនុស្សរស់នៅជាមុន និងនៅពេលដែលការវាយប្រហារតាមរយៈគ្រាប់ផ្លោងចំនួនពីរគ្រាប់បានបាញ់ចេញពីភាគខាងត្បូងប្រទេសលីបង់ដែរ ប៉ុន្តែក្រុមហេសបូឡាបានបដិសេធថាពួកគេមិនបានបាញ់នោះទេ។ មនុស្ស៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ័វាយប្រហារតាមអាកាស នេះបើយោងតាមក្រសួងសុខាភិបាលលីបង់។ ចំណែកយោធាអ៊ីស្រាអែលវិញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតថាការវាយប្រហារចុងក្រោយនេះ សំដៅទៅលើសមាជិកក្រុម Hezbollah ដែលបានជួយដល់ក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែលកាលពីឆ្នាំមុន។ ពួកគេបាននិយាយថាការវាយប្រហារតាមអាកាសគឺស្ថិតក្រោមការដឹកនាំរបស់សហគមន៍ Shin Bet ដែលជាទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុករបស់អ៊ីស្រាអែល។ មកដល់ពេលនេះក្រុម Hezbollah មិនបានអត្ថាធិប្បាយលើការវាយប្រហារនោះទេ និងមិនមានពាក្យឆ្លើយតបភ្លាមៗអំពីចំនួនមនុស្សស្លាប់និងរបួសនោះដែរ។ រូបថត និងរូបភាពវីដេអូដែលត្រូវបានចែករំលែកទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងវេទិកាសង្គមបានបង្ហាញពីជាន់កំពូលទាំងបីនៃអគារអាផាតមិនមួយត្រូវខូចខាតជាដំណំបន្ទាប់ពីបានវាយប្រហារនិងមានគំនរកំទេចកំទីគ្របសង្កត់ពីលើរថយន្តនៅខាងក្រោមអគារដែរ។ អំឡុងពេលសង្រ្គាមចុងក្រោយរវាងអ៊ីស្រាអែលជាមួយក្រុមហេសបូឡា យន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានវាយលុកតំបន់ជាយក្រុងភាគខាងត្បូង ជាទីកន្លែងដែលក្រុមហេសបូឡាមានឥទិ្ធពលនិងមានការគាំទ្រច្រើន។ សម្រាប់អ៊ីស្រាអែលមើលឃើញថាតំបន់នោះជាទីតាំងរឹងមាំបំផុតរបស់ក្រុមសកម្មប្រយុទ្ធ ហើយអ៊ីស្រាអែលក៏បានចោទប្រកាន់ក្រុមនោះថា បានរក្សាអាវុធទុកនៅទីតំាងនេះដែរដើម្បីវាយប្រហារពួកគេវិញ។ មេដឹកនាំក្រុមហេសបូឡាក្នុងប្រទេសលីបង់ លោក Sheikh Naim Kassem បានព្រមានកាលពីថ្ងៃសៅរ៍ថា៖ ប្រសិនបើការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់នៅតែបន្ត ហើយប្រសិនបើរដ្ឋាភិបាលលីបង់មិនព្រមធ្វើសកម្មភាពអ្វីសោះដើម្បីបញ្ឈប់ពួកគេទេ នោះក្រុមហេបូឡានឹងងាកទៅរកជម្រើសផ្សេងទៀតដើម្បីការពារខ្លួនឯងដែរ៕  

សម្រួលអត្ថបទ៖ សុផារិន្ទ