អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការងារព័ត៌មាន និងសាធារណមតិជាសសរស្តម្ភដ៏មានសារៈសំខាន់មួយរួមចំណែកលើកកម្ពស់ស្ថិរភាពនិងការអភិវឌ្ឍក្នុងខេត្តកំពង់ធំ

ឯកឧត្តម អស្នា រិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន៖ ក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសនានាលើពិភពលោក ការអភិវឌ្ឍលើគ្រប់វិស័យត្រូវផ្សារភ្ជាប់នឹងតម្រូវការ និងការវិវត្តក្នុងសង្គមទាំងមូល ហើយការយកចិត្តទុកដាក់លើទិដ្ឋភាពទាំងនេះក្នុងសហគមន៍មូលដ្ឋានរឹតតែមានសារៈសំខាន់ថែមទៀត ជាពិសេសលក្ខខណ្ឌនៃសង្គមឌីជីថលបានតម្រូវឱ្យយើងសម្របខ្លួនលើគ្រប់វិស័យឱ្យទាន់សម័យកាល ក្នុងនោះវិស័យព័ត៌មាននិងសាធារណមតិក៏ត្រូវធ្វើទំនើបកម្មឱ្យស្របនឹងការរីកចម្រើនក្នុងសង្គមជាចាំបាច់។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមបានអញ្ជើញចុះជួបសំណេះសំណាល និងដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាននិងសាធារណមតិជាមួយថ្នាក់ដឹកនាំនិងបុគ្គលិកនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ។

កម្មវិធីនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ធំ, លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ, កញ្ញា ឆន ណាវី អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍, កញ្ញា បូរិន សុភាវុទ្ធតី អនុព័ន្ធសារព័ត៌មាននៃខុទ្ទកាល័យរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្របសម្រួលរាជធានី/ខេត្ត, មន្ត្រីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តកំពង់ធំទាំងអស់។

ក្រោយពីបានស្តាប់របាយការណ៍របស់លោកស្រីប្រធានមន្ទីរព័ត៌មានអំពីវឌ្ឍនភាពការងាររបស់មន្ទីរព័ត៌មាន និងរបស់ក្រុមការងារព័ត៌មាននិងសាធារណមតិ ឯកឧត្តមអនុរដ្ឋលេខាធិការនិងប្រធានក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន បានសំដែងក្តីរីករាយក្រៃលែងចំពោះការផ្តល់ការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំព្រមទាំងថ្នាក់ដឹកនាំទាំងអស់ក្នុងខេត្ត។ ឯកឧត្តមអនុរដ្ឋលេខាធិការនិងប្រធានក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំទូទាំងខេត្ត ដែលបានបន្តផ្តល់ការគាំទ្រដល់ការងារព័ត៌មាននិងសាធារណមតិ ដើម្បីរួមចំណែកធានាស្ថិរភាពនិងការអភិវឌ្ឍក្នុងខេត្ត។

បន្ទាប់ពីបានមានប្រសាសន៍អំពីការផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានដល់ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានរួចមក ឯកឧត្តមអនុរដ្ឋលេខាធិការនិងប្រធានក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន បានសំដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានដែលបានខិតខំបំពេញការដោយទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក។ ទន្ទឹមនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់មន្ទីរព័ត៌មានឱ្យបន្តខិតខំអនុវត្តតួនាទីនិងភារកិច្ចបន្ថែមទៀត និងបានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីជំរុញប្រសិទ្ធភាពការងារព័ត៌មាននិងសាធារណៈមតិក្នុងមូលដ្ឋានដែលពឹងផ្អែកលើការលើកកម្ពស់សារៈសំខាន់នៃការគ្រប់គ្រងព័ត៌មាន និងការបន្តយកចិត្តទុកដាក់លើកិច្ចការដែលយើងចាំបាច់ត្រូវបន្តអនុវត្តជាប្រចាំគឺ៖ កិច្ចការទី១)តាមដានរាល់ស្ថានការណ៍ដែលកើតឡើងដើម្បីក្តាប់ឱ្យណែននូវប្រធានបទសំខាន់ៗដែលមានការចាប់អារម្មណ៍ក្នុងចំណោមប្រជាពលរដ្ឋទូទៅ ក៏ដូចជាក្នុងសហគមន៍នៅតាមតំបន់នានាក្នុងខេត្ត ដោយមិនត្រូវបណ្តោយទុកឱ្យរឿងរ៉ាវណាមួយនៅបណ្តែតក្នុងសាធារណមតិ ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម រហូតអាចប៉ះពាល់ដល់សតិអារម្មណ៍របស់មហាជន និងឈានដល់ធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ឬបង្កហានិភ័យនានាជាយថាហេតុ រំខានដល់ភាពសុខសាន្តក្នុងសហគមន៍ដាច់ខាត។ កិច្ចការទី២)ត្រៀមឱ្យបានរៀបរយជាស្រេចនូវយន្តការ និងយុទ្ធសាស្ត្រសម្របសម្រួលការងារព័ត៌មានដោយចាប់យកវិធីសាស្ត្របុរេសកម្មសម្រាប់ការអនុវត្តជាប្រចាំ និងជំរុញឱ្យក្លាយជាទម្លាប់ក្នុងការងារសាធារណមតិ។ ក្នុងន័យនេះដែរ យើងចាំបាច់ត្រូវចងក្រងខ្លឹមសារព័ត៌មាន ជាពិសេសការគ្រប់គ្រងនិងបង្កើនមាតិកាបែបឌីជីថលសម្រាប់ផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក TikTok YouTubeដោយផ្តោតលើប្រធានបទទាក់ទងនឹងវិស័យសំខាន់ៗ ដែលរដ្ឋបាលខេត្តបានដាក់ចេញក្នុងក្របខណ្ឌគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍ និងជំរុញកំណើនក្នុងសហគមន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជីវភាពនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ កិច្ចការទី៣)បន្តពង្រឹងទំនាក់ទំនងល្អ និងការសហការជាបណ្តាញ ជាមួយគ្រប់តួអង្គទាំងអស់ក្នុងមូលដ្ឋាននៅគ្រប់កម្រិត ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដើម្បីសម្រេចឱ្យបានការកសាងនូវប្រព័ន្ធការងារព័ត៌មាននិងផ្សព្វផ្សាយក្នុងទម្រង់តួអង្គតែមួយ សំដៅជំរុញការងារសាធារណមតិឱ្យកាន់តែមានប្រសិទ្ធភាពទាន់ពេលវេលាគាំទ្រដល់ការបន្តធានាស្ថិរភាពក្នុងសហគមន៍ និងនិរន្តរភាពនៃការផ្តល់នូវអត្ថប្រយោជន៍ជូនប្រជាពលរដ្ឋ។ និងកិច្ចការទី៤)ត្រូវរៀបចំ«ផ្ទះ» ពោលគឺប្រព័ន្ធ និងនីតិវិធីការងារ ដោយផ្តោតលើការបន្តពង្រឹងផែនការច្បាស់លាស់ភ្ជាប់ជាមួយនឹងរបៀបក្នុងការវាស់វែងលទ្ធផលនិងប្រសិទ្ធភាពការងារ, បន្តស្រាវជ្រាវនិងស្រូបយកចំណេះដឹង ជំនាញ និងវិធីសាស្ត្រអនុវត្តថ្មីបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឱ្យស្របនឹងតម្រូវការក្នុងសង្គមឌីជីថល និងការវិវត្តនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន និងទៅអនាគត។