អ្នកបើកបរតុកតុក ២០០នាក់ បានទទួលការបណ្តុះបណ្តាលខ្លី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបើកបរប្រកបដោយសុវត្ថិភាព លើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ និងការទទួលខុសត្រូវ សម្រាប់ប្រទេសកម្ពុជាកាន់តែប្រសើរឡើង
តាមរយៈវគ្គបណ្តុះបណ្តាលនេះដែរ អ្នកបើកបរតុកតុកក៏នឹងទទួលបានការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា គ្រោះថ្នាក់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងអាកប្បកិរិយាបើកបរប្រកបដោយសុវត្ថិភាព។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab រួមជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសហការគ្នាក្នុងការផ្តល់នូវវគ្គបណ្តុះបណ្តាលដល់អ្នកបើកបរតុកតុកក្នុងរាជធានីភ្នំពេញចំនួន ២០០នាក់ ស្តីពីការបើកបរប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារ Dara Airport រាជធានីភ្នំពេញ ក្រោមវត្តមានអញ្ជើញជាអធិបតី ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកលេខាធិការដ្ឋាននៃក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ។
លោកស្រី Anne De Graaf នាយិកាផ្នែកកិច្ចការសាជីវកម្មរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ « ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្តេជ្ញាចិត្តលើកកម្ពស់ការប្រើប្រាស់ប្រកប ដោយការទទួលខុសត្រូវដែលជាស្នូលនៃមហិច្ឆតាក្រុមហ៊ុន ហើយតាមរយៈនេះ ក៏បានបើកវគ្គបណ្តុះបណ្តាលក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការពិសាដោយការទទួលខុសត្រូវ និងបង្កើតទម្លាប់ក្នុងការទទួលទានក្នុងកម្រិតសមស្រប និងការទទួលខុសត្រូវ។ តាមរយៈការលើកកម្ពស់វប្បធម៌នៃទំនួលខុសត្រូវ ក្រុមហ៊ុនមានគោលបំណងធានាថាផលិតផលត្រូវបានទទួលទានក្នុងបរិបទមួយដែលមិនប៉ះពាល់ដល់សុវត្ថិភាព ឬសុខភាព ដែលស្របទៅនឹងការប្តេជ្ញាចិត្តចំពោះការធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ ។
លោក កង សុវណ្ណារ៉ូត អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ ក្រុមហ៊ុន Grab Cambodia បានមានប្រសាសន៍ថា៖ «យើងធានាថា អ្នកបើកបរតុកតុករបស់យើងមានអារម្មណ៍ថាគាត់ត្រូវបានទទួលការផ្តល់តម្លៃ និងលើកទឹកចិត្តក្នុងការបំពេញការងារ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើនបទពិសោធន៍ប្រកបដោយសុវត្ថិភាព និងប្រសើរជាងមុនសម្រាប់អតិថិជនរបស់យើងផងដែរ»។ ក្រុមហ៊ុន Grab ចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ និងការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន។
ឯកឧត្តម ម៉ែន សាម៉ន តំណាង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាក្រុមការងារអន្តរក្រសួងគ្រប់គ្រងការ ផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានចាត់ទុកវគ្គបណ្តុះបណ្តាលគឺមានសារៈសំខាន់សម្រាប់អ្នកបើកបរ Grab ដែលជាផ្នែកមួយតាមរយ:គោលកាណ៍រឆន្ទៈល្អ ការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទាន គ្រឿងស្រវឹងដោយការទទួលខុស ហើយជឿជាក់ថានឹងចូលរួមលើកកម្ពស់សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ម៉ែន សុីម៉ន បានលើកឡើងនូវរបាយការនានាបានបង្ហាញថា ក្នុងចំនោមគ្រោះថ្នាក់ចរាចរណ៍ ៤៤ភាគរយបណ្តាលមកពីបើកបរលើសល្បឿនកំណត់ ១២ភាគរយមិនគោរពសិទ្ធអាទិភាព ១៨ភាគរយ បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ១២ភាគរយ ប្រជែងក្នុងពេលបើកបរ ៣ភាគរយបត់ឆ្វេង ឬស្តាំមិនប្រយ័ត្ន ៤ភាគរយមិនប្រកាន់ស្តាំ ១ភាគរយ មិនគោរពភ្លើងសញ្ញា ៣ភាគរយបណ្តាលមកពីកត្តាយាន ២ភាគរយបណ្តាលមកពីកត្តាផ្លូវ និងកត្តាផ្សេងៗ ២ភាគរយ។ បញ្ហានេះបានបង្កសោកនាដកម្មនៅក្នុងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលស្លាប់ និងពិការដែលធ្វើឲ្យបាត់បង់ពលកម្ម និងចំណូលរបស់គេ បង្កអំពើហិង្សាក្នុងក្រុមគ្រួសារ និងបង្កអោយមានជម្ងឺមួយចំនួនកើតពីការផឹកស្រាលើសកំណត់ហួសហេតុ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម សមាជិកលេខាធិការដ្ឋាននៃក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានអំពាវនាវដល់ក្រុមហ៊ុនផលិតស្រាបៀរផ្សេងទៀតនៅកម្ពុជាទាំងអស់ចូលរួមចំណែកបង្កើតកម្មវិធី ឬយុទ្ធនាការផ្សេងៗដែលជាសារ ឬសកម្មភាពអប់រំ ដើម្បីសុខមាលភាពក៏ដូចជាប្រយោជន៏របស់ ប្រជាជនក្នុងសង្គមជាតិ ដែលពួកគាត់កំពុងតែប្រកបអាជីវកម្ម ៕