អ្នកវិនិយោគ៖ការអភិវឌ្ឍន៍ នៅតំបន់សេដ្ឋកិច្ច ពិសេស មេនហាតធេន ក្រុងបាវិត គិតគូរខ្ពស់ ចំពោះបរិស្ថាន ពិសេសការបង្ហូរទឹក កខ្វក់ចេញពី រោងចក្រ
អ្នកវិនិយោគ៖ការអភិវឌ្ឍន៍ នៅតំបន់សេដ្ឋកិច្ច ពិសេស មេនហាតធេន ក្រុងបាវិត គិតគូរខ្ពស់ ចំពោះបរិស្ថាន ពិសេសការបង្ហូរទឹក កខ្វក់ចេញពី រោងចក្រ
អ្នកវិនិយោគនៅកម្ពុជា បាននិងកំពុងចូលរួមគោរពច្បាប់ ពិសេសគឺការ អនុវត្តន៍ឱ្យបាននូវការបញ្ចេញ សំណល់ចេញកាកសំណល់រាវពីរោងចក្រ ។
លោក លីជុន សាវ ជំនួយការអ្នកគ្រប់គ្រងទូទៅនៃតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន បានឱ្យដឹងថា ក្រុមហ៊ុនចូលរួមអនុវត្តច្បាប់របស់កម្ពុជា ហើយក្រុមហ៊ុនត្រូវបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រសហគ្រាស។ ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ក្រុមហ៊ុនបានរៀបចំបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលធានាថាសំណល់រាវបញ្ចេញពីរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មិនមានជាតិពុល មុននឹងការបង្ហូរចេញទៅតាមប្រឡាយសាធារណៈ ។
ការលើកឡើងរបស់ លោក លីជុន សាវ (Lijun shao) ជំនួយការអ្នកគ្រប់គ្រងទូទៅនៃតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង នៅក្នុងឱកាសដែលក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានចុះទៅពិនិត្យការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។
លោកបានឱ្យដឹងថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់នេះ មិនមានការបង្ខិតបង្ខំពីសំណាក់ក្រសួងនោះទេ តែជាការចូលរួមអនុវត្តច្បាប់ជាធរមាន ដោយខ្លួនឯង ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការបញ្ចេញសំណល់រាវដែលមានជាតិពុលទៅខាងក្រៅ ដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសនេះ។ យើងចង់បានតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រ សហគ្រាស ផ្សេងទៀត ចូលរួមបំពាក់ឧបករណ៍នេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន លើវិស័យបរិស្ថាន និងអាចក្លាយជាចំណែកមួយសម្រាប់ទាក់ទាញអ្នកវិនិយោគិនឱ្យមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា។
ប្រជាពលរដ្ឋរស់នៅក្បែរ តំបន់សេដ្ឋកិច្ចពិសេសនេះ បានសម្តែងនូវការសប្បាយរីករាយ ជាមួយនិងការគិតគូរខ្ពស់ពីអ្នកវិនិយោគ ក៏ដូចជាក្រសួងបរិស្ថានទាក់ទងទៅនិងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រ ដែលនេះគឺជាការគិតគូរដល់ សុខភាពរបស់ប្រជាជន ដែលពឹងអាស្រ័យទឹក មច្ឆា និងជីវៈចម្រុះនៅតាមប្រឡាយ ព្រែក ស្ទឹងបឹងបួរ នៅពេលនៅតាមរោងចក្រសហគ្រាសបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់។
ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅ តាមដងព្រែក ដែលជាប្រភពទឹកស្អាត ហើយការបំពាក់ឧបករណ៍ តាមដានគុនភាពទឹកស្អាត នៅតាមបណ្តារោងចក្រ សហគ្រាស គឺធ្វើយ៉ាណា ការបង្ហូរទឹកពីរោងចក្រ ចូលទៅប្រភពទឹកស្អាត មិនមានជាតិពុលលើសកំរិតដែលគួរអនុញ្ញាតទេ ។
សូមបញ្ជាក់ថា ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រកំពុងតែត្រូវបានបំពាក់ទៅតាមការស្នើសុំរបស់រោងចក្រសហគ្រាសចំនួន១១១ ដែលនេះជាការធ្វើទំនើបកម្ម នៃការតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ ។
ការបំពាក់ឧបករណ៍នេះគឺ ដើម្បីបញ្ចៀសការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ។ ក្រសួងបរិស្ថានតម្រូវឱ្យគ្រប់រោងចក្រសហគ្រាស (ប្រភេទប្រភពបំពុលសក្តានុពល) ត្រូវអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតការបំពុលបរិស្ថាននៅប្រភពបំពុលសក្តានុពល ព្រមទាំងលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនានា ដែលបានដាក់ចេញកន្លងមក។
ការធ្វើទំនើបកម្មនៃការតាមដាន និងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយទៅលើទីតាំងក្រុមហ៊ុន រោងចក្រសហគ្រាស ដែលជាប្រភពនៃការបញ្ចេញសំណល់ (រាវ) ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាននេះគឺសំដៅពង្រឹងការអនុវត្តច្បាប់។ លើសពីនោះ វាក៏ជួយកាត់បន្ថយការចុះត្រួតពិនិត្យរបស់មន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់វិនិយោគគិន។ ការតម្រូវឱ្យបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនៅត្រង់ចំណុចបញ្ចេញសំណល់ នៅតាមប្រភពបំពុលទាំងអស់ គឺដើម្បីធ្វើការវាស់ស្ទង់បរិមាណ និងកម្រិតសារធាតុបំពុលបញ្ចេញ និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថានតាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ។