អ្នកសារព័ត៌មានចំនួន ៦៨៤នាក់ បានទទួលការបណ្តុះបណ្តាលពិសេសស្តីពី “មូលដ្ឋានគ្រឹះ គ្រប់គ្រងព័ត៌មានបែបឌីជីថល” ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧,
វគ្គបណ្តុះបណ្តាលពិសេស លើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះ គ្រប់គ្រងព័ត៌មានបែបឌីជីថល” រៀបចំឡើងដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយសមាគមសារព័ត៌មានចំនួន៤ ផ្សេងទៀតបានរៀបចំពិធីបើកនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នាអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ លោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល ២ថ្ងៃ ក្នុងគោលបំណងផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងព័ត៌មានបែប ឌីជីថល ដែលមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន ក៏ដូចជាសិស្ស និស្សិត មន្ត្រីរាជការ អាជីវករ អាចយកទៅបំពេញបានជាចំណេះដឹង ជាជំនាញ សម្រាប់ប្រកបអាជីវកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត ។ លោកប្រធានសមាគមបានបញ្ជាក់ដែរថា សិក្ខាកាមដែលចូលរួមក្នុវវគ្គបណ្តុះបណ្តាលនេះ បានយល់ដឹងពីមេរៀនទាក់ទង សណ្តាប់ធ្នាប់ព័ត៌មាន បែបឌីជីថល របៀបគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយបែបឌីជីថល របៀបសរសេរអត្ថបទព័ត៌មាន និងមាតិកា ស្វែងយល់ពីពាក្យគន្លឹះក្នុងវិស័យបរិស្ថាន ពីក្របខណ្ឌ័ច្បាប់លើវិស័យព័ត៌មាន និងតុលាការ ។ បន្ទាប់ពី ឯកឧត្តម ជា ដែន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិត្តិយសសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានចូលរួមមតិយោបល់ និងផ្តល់ការគាំទ្រដល់វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះ គ្រប់គ្រងព័ត៌មានបែបឌីជីថល” រួចមក ឯកឧត្តម សុខ ចាន់ ក្នុងនាម ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានវាយតំលៃខ្ពស់ចំពោះសមាគមសារព័ត៌មានចំនួន ៥ ដែលបានរួមសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់នូវចំណេះដឹងលើការគ្រប់ព័ត៌មានបែបឌីជីថល ដែលសង្គមនាពេលបច្ចុប្បន្នកំពុងមានការវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាមទារអ្នកសារព័ត៌មានត្រូវតែពង្រឹងគុណភាពក្នុងការផ្សព្វផ្សាយអោយបានលឿន ឆាប់រហ័សទាន់ហេតុការណ៍ ។ ដូច្នេះហើយ បងប្អូនអ្នកសារព័ត៌មានពង្រឹងសមត្ថភាព និងវិជ្ជាជីវៈ អោយបានកាន់តែល្អប្រសើរ ហើយរាល់ការផ្សព្វផ្សាយព័ត៌មានត្រូវតែមានប្រភពច្បាស់លាស់ ប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយ ធ្វើអោយមានភាពទាក់ទាញដល់អ្នកអាន និងទស្សនា ពិសេសផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងជំនឿទុកចិត្ត ។ ឯកឧត្តម រដ្ឋលេខាធិការ បានជម្រុញលើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តអនុវត្តន៍និងគោរពក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ស្វែងយល់ពីច្បាប់ពាក់ពន្ធ័វិស័យព័ត៌មាន ពិសេសអ្នកសារព័ត៌មានត្រូវផ្សាយការពិត កុំប្រឌិតកំហុសដាក់អ្នកដ៏ទៃ, អ្នកសារព័ត៌មាន កុំបំពានអ្នកដ៏ទៃ កុំបំភ្លៃការពិត ។ អ្នកសារព័ត៌មានត្រូវយល់ពីតម្លៃនៃការចូលរួមរបស់ខ្លួនដល់សង្គមជាតិ និងដើម្បីខ្លួនឯងផ្ទាល់ ៕