អ្នកអប់រំវិជ្ជាជីវៈសុខាភិបាលជាតិ និងអន្តរជាតិធ្វើសន្និសីទជាតិ​ស្តីពីការអប់រំ សម្រាប់​វិជ្ជាជីវៈ​សុខាភិបាល​នៅកម្ពុជា

អ្នកអប់រំវិជ្ជាជីវៈសុខាភិបាល អ្នកជំនាញក្នុងវិស័យសុខាភិបាលជាតិ និងអន្តរជាតិ បានអញ្ជើញ​មក​​​ពីស្ថា​ប័ននានា ចំនួនប្រមាណជាង ៣០០រូប បានអញ្ជើញចូលរួមក្នុងសន្និសីទជាតិស្តីពី ការ​អប់រំស​ម្រាប់វិជ្ជាជីវៈសុខាភិបាល ក្រោមប្រធានបទ “ពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាលដើម្បីសេវា ថែទាំសុខភាពកាន់តែប្រសើរ។

ឯកឧត្តមសាស្ត្រាចារ្យ យឺត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានកោត​សរសើរ​ដល់​មន្ត្រី​សុខាភិបាល និងមន្ត្រីអនុវត្ត និងគ្រប់គ្រងគម្រោង​ពង្រឹង​ប្រព័ន្ធ​អប់រំ​មុន​បម្រើ​ការងារ​សម្រាប់​មន្ត្រី​សុខាភិបាល ដែលបានខិតខំរៀបចំនូវសន្និសីទដ៏មានសារសំខាន់នេះ ដើម្បីផ្តល់​ឱកាស​ដល់​សាស្ត្រាចារ្យ អ្នកស្រាវជ្រាវអ្នកអប់រំវិជ្ជាជីវៈសុខាភិបាល អ្នកជំនាញ​ក្នុង​វិស័យ​សុខាភិបាល​ជាតិ និង​អន្តរជាតិបានជួបជុំគ្នា ដើម្បីចែករំលែកនូវចំណេះដឹង និងរបកគំ​ហើញ​វិទ្យាសាស្ត្រ​ថ្មី​ៗ​ក្នុង​ការ​ពង្រឹង​ការ​អប់រំវិជ្ជាជីវៈសុខាភិបាល ដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បានលើកឡើងថា ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានរៀបចំដោយក្រសួងសុខាភិបាល មាន​រយៈពេល២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៤។ សន្និសីទ​នេះ​រៀប​ចំ​ឡើង​ដើម្បី​ឱ្យ​អ្នកចូលរួមបានផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍លើ៖ ១.ការអប់រំអន្តរ វិជ្ជាជីវៈ​ក្នុង​ការ​អប់រំ​វិជ្ជាជីវៈសុខាភិបាល ២.ទំនើបកម្មនៃប្រព័ន្ធឌីជីថលក្នុងការរៀន និងបង្រៀនក្នុងការ អប់រំ​វិជ្ជា​ជីវៈ​សុខាភិបាល ៣.ការបង្កើតឧបករណ៍វាយតម្លៃដើម្បីបំពេញតាមការអប់រំផ្អែកលើសមត្ថភាព ៤.សីលធម៌ និងវិជ្ជាជីវៈសុខាភិបាលក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល។

លោកវេជ្ជបណ្ឌិត Sang Minh Le, តំណាងធនាគារ​ពិភពលោក​បាន​សង្កត់​ធ្ងន់​លើ​កា​​រ​គាំទ្រ​ពី​ធនាគារ​ពិភពលោកដល់ក្រសួងសុខាភិបាកម្ពុជា ទាំងផ្នែកបច្ចេក​ទេស​សុខាភិបាល​នៅ​ក្នុង​វិជ្ជា​ជីវៈ​សុខាភិបាល និងថវិកាដើម្បីកសាងសមត្ថភាពជំនាញដល់មន្ត្រី។

សូមជម្រាបថា រយ:ពេល២ថ្ងៃនេះ អ្នកជំនាញអប់រំវិជ្ជាជីវៈសុខាភិបាលចំនួន ១៣រូប ក្នុងនោះ​មាន​សាស្ត្រា​ចារ្យជំនាញមកពីបរទេសចំនួន ៦រូប គឺវៀតណាម ឥណ្ឌូនេស៊ី សង្ហបុរី ជប៉ុន និង​អាមេរិក នឹងត្រូវធ្វើបទបង្ហាញ និងពិភាក្សាផ្លាស់ប្តូរយោបល់ និងបទ​ពិសោធន៍​ទៅ​វិញទៅ​មក​លើ​ប្រធាន​បទ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ក្រោមប្រធានបទ ពង្រឹងការអប់រំ​វិជ្ជាជីវៈ​សុខាភិបាល ដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ៕