អ.វ.ត.ក. ចាក់បញ្ចាំងភាពយន្តឯកសារ “រឿងរ៉ាវរបស់ខ្ញុំ” នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤

នារសៀលថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានចាក់បញ្ចាំងភាពយន្តឯកសារ “រឿងរ៉ាវរបស់ខ្ញុំ” ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ នៅក្នុងសាលសន្និសីទចតុមុខ។ ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អគ្គរាជទូត រដ្ឋទូត អង្គការដៃគូ មន្រ្តីរាជការ ដើមបណ្ដឹងរដ្ឋប្បវេណី សាមណៈនិស្សិត និស្សិត និងសាធារណជនសរុបប្រមាណ៧០០ អង្គ/នាក់។
ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក. បានមានប្រសាសន៍ក្នុងមតិស្វាគមន៍ថា ភាពយន្តឯកសារ “រឿងរ៉ាវរបស់ខ្ញុំ” ត្រូវបានសហការផលិតដោយ អ.វ.ត.ក. និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប់រំកម្ពុជា(EBC)។ ភាពយន្ដនេះ គឺជាសម្លេងរបស់ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៩រូប ដែលបានរៀបរាប់អំពីបទពិសោធផ្ទាល់ខ្លួនរបស់ពួកគាត់ នៅក្នុងសម័យខ្មែរក្រហម និងការចូលរួមផ្ដល់សក្ខីកម្មនៅក្នុង អ.វ.ត.ក.។ ឯកឧត្តមបន្ដថា “រឿងរ៉ាវរបស់ខ្ញុំ” គឺជាចែករំលែកអំពីការចងចាំដ៏ឈឺចាប់របស់ដើមបណ្ដឹងរដ្ឋប្បវេណី ការទន្ទឹងរងចាំជាច្រើនទសវត្សរ៍របស់ក្រុមគ្រួសារ និងការ
តស៊ូរបស់ប្រទេសមួយដែលបានប្រឈមនឹងអតីតកាលរបស់ខ្លួន។
ឯកឧត្តម ក្រាញ់ តូនី មានប្រសាសន៍បន្ថែមទៀតថា តាមរយៈ “រឿងរ៉ាវរបស់ខ្ញុំ” ការឈឺចាប់របស់ជនរងគ្រោះទាំងអស់ នឹងត្រូវបានដឹងឮ ទទួលស្គាល់ និងផ្តល់កិត្តិយស ព្រមទាំងធានាថា មនុស្សជំនាន់ក្រោយនឹងបានស្វែងយល់អំពីសារៈសំខាន់នៃយុត្តិធម៌ និងសច្ចភាពប្រវត្តិសាស្ត្រ”។ នៅក្នុងប្រទេសកម្ពុជា ការរៀបរាប់អំពីរឿងរ៉ាវតាមរយៈខ្សែភាពយន្ត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាល និងធានាថាមេរៀនប្រវត្តិសាស្ត្រមិនត្រូវបានបំភ្លេចចោលឡើយ”។
លោកស្រី យឹម សុវណ្ណ ដើមបណ្ដឹងរដ្ឋប្បវេណី សម្ដែងក្ដីរំភើបនៅពេលឃើញរឿងរ៉ាវរបស់គាត់ត្រូវបានចាក់បញ្ចាំងនៅក្នុងព្រឹត្តិការណ៍នេះ ហើយសង្ឃឹមថាយុវជនជំនាន់ក្រោយត្រូវតែចងចាំប្រវត្តិសាស្ដ្រដ៏ខ្មៅងងឹតរបស់កម្ពុជា។ លោកស្រី មានប្រសាសន៍ថា៖ “ដំណើរការនៃការចែករំលែករឿងរ៉ាវរបស់ខ្ញុំផ្ទាល់ខ្លួនតាមរយៈភាពយន្តឯកសារនេះគឺមានការពិបាកផងនិងជាការផ្តល់កម្លាំងចិត្តផង។ យើងខិតខំ ដោយសារវាជារឿងសំខាន់សម្រាប់មនុស្សជំនាន់ក្រោយដើម្បីយល់ពីភាពឃោរឃៅដែលយើងបានទទួលរងដូច្នេះយើងអាចឈានទៅមុខជាមួយគ្នាជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាព និងឯកភាព។”
ចុងបញ្ចប់ព្រឹត្តិការណ៍បញ្ចាំងភាពយន្ដនេះ ក៏មានការរៀបចំកម្មវិធី Peacxel ស្ដីពី“ចក្ខុវិស័យរួមសម្រាប់អនាគតរបស់កម្ពុជា” ។ កម្មវិធីនេះ ជាគំនិតផ្តួចផ្តើមបែបសិល្បៈដើម្បីជំរុញឱ្យមានកិច្ចសន្ទនា និងការឆ្លុះបញ្ចាំងអំពីយុត្តិធម៌។ ក្នុងកម្មវិធីនេះ អ្នកចូលរួមទាំងអស់បានរួមចំណែកចែករំលែកការយល់ឃើញរបស់ខ្លួនតាមរយៈការសរសេរ គូរូបផ្សេងៗ រួចយកផ្គុំគ្នាជាគ្រឹះនៃមាគា៌យុត្តិធម៌ និងសន្តិភាព ដើម្បីជាចក្ខុវិស័យសម្រាប់អនាគតកម្ពុជា។
គួររម្លឹកថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) គឺជាសាលាក្តីកូនកាត់មួយដែលត្រូវបានបង្កើតឡើងដើម្បីជំនុំជម្រះក្ដីលើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបរបបខ្មែរក្រហមពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីបង្កើតឡើងមក អ.វ.ត.ក. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងការចងចាំជាប្រវត្តិសាស្ត្រនៅកម្ពុជា៕