ឥណ្ឌាជម្លៀសមនុស្សរាប់សែននាក់ និងសម្រេចបិទសាលារៀនខណៈព្យុះត្រូពិចប្រភេទថ្មីឈ្មោះ Dana កាន់តែខិតជិតមកដល់

អាជ្ញាធរឥណ្ឌាបានសម្រេចបិទសាលារៀន និងជម្លៀសមនុស្សរាប់សែននាក់ចេញ ព្រមទាំងលុបចោលសេវារថភ្លើងនៅក្នុងផ្នែកខ្លះនៃប្រទេស ខណៈដែលក្រុមជួយសង្គ្រោះបានត្រៀមលក្ខណៈរួចរាល់កាលពីថ្ងៃព្រហស្បតិ៍នេះសម្រាប់ការមកដល់នៃព្យុះត្រូពិចដែលនឹងត្រូវបក់បោកនៅឈូងសមុទ្រ Bengal (បេងហ្កាល់) ។ ព្យុះត្រូពិចឈ្មោះ Dana ត្រូវគេរំពឹងថានឹងកើនឡើងខ្លាំង ដោយនាំមកនូវកម្លាំងខ្យល់បក់ពី១០០ទៅ១១០គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បក់កម្រិតអតិប្បរិមារហូតដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលព្យុះវានឹងរុញច្រានឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស ដែលត្រូវបានកំណត់ឱ្យបោកបក់នៅព្រលឹមថ្ងៃសុក្រនេះដែរ នេះបើយោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា។ អ្នកព្យាករណ៍អាកាសធាតុឥណ្ឌាបាននិយាយថា ព្យុះដ៏ខ្លាំងនេះកំពុងកើតមានញឹកញាប់នៅតំបន់អាស៊ីខាងត្បូង។ ហើយកំណើននៃកំដៅផែនដីគឺជាមូលហេតុជំរុញឲ្យមានឧស្ម័នកំដៅពាសពេញភពផែនដីដែលធ្វើឱ្យផែនដីកាន់តែរងភាពធ្ងន់ធ្ងរ និងមិនអាចទាយទុកជាមុនអំពីគ្រោះធម្មជាតិឡើយ។ ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌា ងាយនឹងកើតមានព្យុះស៊ីក្លូនជាយូរណាស់មកហើយ ប៉ុន្តែចំនួនព្យុះដ៏ខ្លាំងកំពុងកើនឡើងនៅតាមឆ្នេរសមុទ្ររបស់ប្រទេសនេះជាហូរហែរដែរ។ កាលពីឆ្នាំមុនគឺប្រទេសរងនូវរដូវព្យុះស៊ីក្លូនដ៏សាហាវបំផុតហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះឥណ្ឌាបានទទួលឥទ្ធិពលជាថ្មី ដោយព្យុះប្រភេទនេះបានសម្លាប់មនុស្សចំនួន ៥២៣នាក់ និងបានធ្វើឱ្យខាតបង់ថវិកាស្តារឡើងវិញប្រហែលជា ២.៥ប៊ីលានដុល្លារអាម៉េរិក៕ សម្រួលអត្ថបទ៖ សុផារិន្ទ