ឥណ្ឌាជាប្រទេសមានករណីគ្រោះថ្នាក់ក្រឡាប់រថយន្តក្រុងច្រើនបំផុតលើពិភពលោក! ដោយថ្ងៃច័ន្ទនេះរថយន្តក្រុងមួយគ្រឿងធ្លាក់ចូលជ្រលងភ្នំជ្រៅសម្លាប់មនុស្ស២៤នាក់ និងជាង៤០របួសធ្ងន់
ក្រុមមន្ត្រីបាននិយាយថា រថយន្តក្រុងមួយគ្រឿងបានបើកធ្លាក់ចេញពីផ្លូវ ហើយធ្លាក់ចូលទៅក្នុងជ្រោះជ្រៅមួយនៅភាគខាងជើងប្រទេសឥណ្ឌានៅព្រឹកថ្ងៃចន្ទនេះសម្លាប់មនុស្សយ៉ាង២៤នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួស។ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុក Almora ក្នុងរដ្ឋដែលសំបូរដោយជ្រលងភ្នំ Uttarakhand ។ លោក Vineet Pal ជាមន្ត្រីរដ្ឋាភិបាលប្រចាំរដ្ឋបាននិយាយថា រថយន្តក្រុងនេះផ្ទុកមនុស្សចំនួន៤២នាក់ និងសពមនុស្សទាំង២៤នាក់នោះត្រូវបានគេរកឃើញហើយ។ ក្រុមអ្នកជួយសង្គ្រោះ និងសង្គ្រោះត្រូវបានគេដាក់ពង្រាយនៅកន្លែងកើតហេតុនោះភ្លាមៗ ហើយអាជ្ញាធរបាននិយាយថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើងដែរ ព្រោះអ្នកដំណើរដែលជាប់ក្នុងរថយន្តក្រុងពិបាកសង្រ្គោះនិងអាចមានរបួសធ្ងន់ធ្ងរ។ ចំណែកអភិបាលរដ្ឋលោក Pushkar Singh Dhami បាននិយាយថាក្រុមជួយសង្រ្គោះកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីជម្លៀសអ្នកដំណើរដែលរងរបួសឲ្យបានលឿនបំផុត តាមដែលអាចធ្វើបាន និងបញ្ជូនទៅកាន់មណ្ឌលសុខភាពដែលនៅជិតទីនោះបំផុតដែរដើម្បីព្យាបាល ហើយលោកថាអាជ្ញាធរត្រូវបានគេណែនាំឱ្យដឹកជញ្ជូនអ្នករបួសធ្ងន់ធ្ងរដោយមធ្យោបាយតាមដែនអាកាសដែរ។ ទន្ទឹមនឹងនោះដែរលោក Pal បាននិយាយថាការស៊ើបអង្កេតបឋមត្រូវបានគេរាយការណ៍ថារថយន្តក្រុងដែលរងគ្រោះនោះគឺស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោម និងបានរអិលមុនពេលវាធ្លាក់ចូលយ៉ាងកំហុកទៅក្នុងជ្រលងភ្នំដ៏ជ្រៅកំពស់៦០ម៉ែត្រឯណោះ។ អ្នកដំណើរជាច្រើននាក់ខ្ទាតខ្លួន ឬហើយខ្លះត្រូវកម្លាំងទំនាញជះចេញក្រៅរថយន្តនិងប៉ះពាល់ធ្ងន់ធ្ងរ ហើយបន្ទាប់មកក៏មានការជូនដំណឹងដល់អាជ្ញាធរអំពីគ្រោះថ្នាក់នានាដែរ។ ប្រទេសឥណ្ឌាជាប្រទេសដែលមានអត្រាមរណៈភាពតាមដងផ្លូវខ្ពស់បំផុតនៅលើពិភពលោក ដោយមានមនុស្សរាប់សែននាក់បានស្លាប់ និងរងរបួសជារៀងរាល់ឆ្នាំ។ គ្រោះថ្នាក់ភាគច្រើនត្រូវគេបានស្តីបន្ទោសលើការបើកបរដោយមិនប្រុងប្រយ័ត្នរបស់អ្នកបើកបរ កង្វះការថែទាំផ្លូវមិនល្អ និងយានជំនិះចាស់ទ្រុឌទ្រោមភាគច្រើន។ កាលពីខែកក្កដាមុនក៏មានមនុស្ស១៨នាក់បានស្លាប់បន្ទាប់ពីករណីរថយន្តក្រុងដឹកអ្នកដំណើរពីរជាន់បានបុកជាមួយរថយន្តដឹកទឹកដោះគោឆៅនៅក្នុងរដ្ឋ Uttar Pradesh ផងដែរ។ ហើយកាលពីខែឧសភារថយន្តក្រុងដឹកអ្នកធ្វើដំណើរក្នុងក្បួនធម្មយាត្រាសាសនាហិណ្ឌូបានរអិលផ្លូវ ធ្លាក់ចូលទៅក្នុងជ្រលងជ្រៅមួយនៅលើដងផ្លូវភ្នំក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាដែរ ដោយហេតុការណ៍នោះបានសម្លាប់មនុស្សយ៉ាង២១នាក់ ៕
សម្រួលអត្ថបទ៖សុផារិន្ទ