ឥណ្ឌា-ប៉ាគីស្ថានលុបចោលទិដ្ឋាការរៀងៗខ្លួន ខណៈនាយករដ្ឋមន្ត្រីឥណ្ឌា ប្តេជ្ញាតាមដាន-ដាក់ទណ្ឌកម្មរាល់ភេរវករដែលវាយប្រហារនៅ Kashmir រហូតដល់ផុតចុងផែនដី

ប្រទេសឥណ្ឌា និងប៉ាគីស្ថានបានលុបចោលការផ្តល់ទិដ្ឋាការសម្រាប់ជនជាតិរបស់ពួកគេរៀងខ្លួននៅក្នុងប្រទេសរបស់ពួកគេទៅវិញទៅមកកាលពីថ្ងៃព្រហស្បតិ៍នេះ ចំពេលដែលភាពតានតឹងកើនឡើងរវាងប្រទេសជិតខាងទាំងពីរ ដែលប្រដាប់អាវុធនុយក្លេអ៊ែរដូចគ្នា បន្ទាប់ពីឥណ្ឌាបានស្តីបន្ទោសប៉ាគីស្ថានចំពោះការវាយប្រហារដ៏សាហាវដោយខ្មាន់កាំភ្លើងដែលបានបាញ់រះសម្លាប់អ្នកទេសចរចំនួន២៨នាក់ក្នុងតំបន់ជម្លោះ Kashmir ។ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានប្តេជ្ញាថានឹង “តាមដាននិងដាក់ទណ្ឌកម្មរាល់ភេរវករ និងអ្នកគាំទ្ររបស់ពួកគេ” ដែលបានចូលរួមវាយប្រហារនៅតំបន់ Kashmir ដែលគ្រប់គ្រងមួយផ្នែកដោយឥណ្ឌា បានសម្លាប់មនុស្ស២៨នាក់ ដែលភាគច្រើនជាអ្នកទេសចរមកកំសាន្តនៅទីនោះ។ លោក Modi បាននិយាយនៅឯវេទិកាប្រមូលផ្តុំជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍នេះទៀតថា “យើងនឹងដេញតាមចាប់ពួកគេរហូតដល់ផុតផែនដី” ព្រោះពួកគេបានបង្ករភាពចលាចលនៃភាគីទាំងពីរ។ ភាពតានតឹងរវាងគូប្រជែងឥណ្ឌា និងប៉ាគីស្ថានបានកើនឡើងខ្ពស់កាលពីម្សិលមិញ ខណៈដែលទីក្រុង New Delhi sបានរងនូវការវាយលុកផ្នែកការទូតប្រឆាំងនឹងទីក្រុង Islamabad ដោយបានស្តីបន្ទោសចំពោះការវាយប្រហារដ៏សាហាវលើភ្ញៀវទេសចររបស់ខ្លួនក្នុងតំបន់ជម្លោះ Kashmir ។ ប្រទេសឥណ្ឌាបានចោទប្រកាន់ទីក្រុង Islamabad ថាបានគាំទ្រ “អំពើភេរវកម្មឆ្លងព្រំដែន” កាលពីយប់ថ្ងៃពុធ ហើយបានដាក់វិធានការការទូត រួមទាំងបន្ទាបទំនាក់ទំនងការទូត ការផ្អាកសន្ធិសញ្ញាចែករំលែកទឹកដីដ៏សំខាន់ និងការបិទច្រកព្រំដែនគោកដ៏សំខាន់ជាមួយប៉ាគីស្ថានដែរ។ ចំណែកប្រទេសប៉ាគីស្ថានវិញបានបដិសេធការចោទប្រកាន់នេះ ហើយក្រុមសកម្មប្រយុទ្ធមិនស្គាល់មុខពីមុនមកដែលហៅខ្លួនឯងថា Kashmir Resistance បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះដែរ។ ប៉ុន្តែទីក្រុង Islamabad បាននិយាយថា ខ្លួននឹងឆ្លើយតបទៅនឹងសកម្មភាពរបស់ឥណ្ឌានៅថ្ងៃព្រហស្បតិ៍ និងកោះប្រជុំគណៈកម្មាធិការសន្តិសុខជាតិរបស់ខ្លួន ដែលមានសមាសភាពជាមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធារួមគ្នា។ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឥណ្ឌា-ប៉ាគីស្ថានមានភាពទន់ខ្សោយស្រាប់រួចទៅហើយ និង យូរអង្វែងដែរ ជាពិសេសបន្ទាប់ពីទីក្រុង New Delhi របស់ឥណ្ឌាបានដកហូតឋានៈពាក់កណ្តាលស្វយ័ត Kashmir ក្នុងឆ្នាំ ២០១៩។ ផ្នែកព្រំដែនដែលគ្រប់គ្រងដោយឥណ្ឌានិងប៉ាគីស្ថាននីមួយៗជាពិសេសគឺ Kashmir ជាទឹកដីដែលប្រទេសទាំងពីរទាមទារទឹកដីនេះទាំងស្រុងរៀងៗខ្លួន ព្រោះវាមានអំណោយផលខ្លាំងសម្រាប់ពួកគេ មិនថាវិស័យទេសចរ និងកសិកម្មនោះទេ។ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកជាយូរយារណាស់មកហើយដែរ ពីកងកម្លាំងគាំទ្រដើម្បីធ្វើឱ្យមានអស្ថិរភាពគ្នាទៅវិញទៅមក ហើយទីក្រុង New Delhi បានពណ៌នាអំពីសកម្មប្រយុទ្ធទាំងអស់នៅក្នុងតំបន់ Kashmir ថាជាអំពើភេរវកម្មដែលគាំទ្រដោយប៉ាគីស្ថាន ទោះបីប៉ាគីស្ថានបដិសេធរឿងនេះក្តី ហើយអ្នកកាន់សាសនាឥស្លាមនៅ Kashmir ជាច្រើនចាត់ទុកពួកសកម្មប្រយុទ្ធថាជាផ្នែកមួយនៃការតស៊ូទាមទារសេរីភាពក្នុងស្រុកទៅវិញ។ ប្រទេសឥណ្ឌាបាននិយាយថា អ្នកការទូតប៉ាគីស្ថានមួយចំនួនត្រូវបានស្នើសុំឱ្យចាកចេញពីទីក្រុង New Delhi ហើយអ្នកការទូតឥណ្ឌាក៏ត្រូវបានកោះហៅឲ្យចេញពីប្រទេសប៉ាគីស្ថានដែរ។ កាលពីថ្ងៃព្រហស្បតិ៍ នោះដែរ លោកនាយករដ្ឋមន្រ្តី Modi បានអំពាវនាវឲ្យមានកិច្ចប្រជុំគ្រប់ភាគីទាំងអស់ជាមួយគណបក្សប្រឆាំង ដើម្បីប្រាប់ពួកគេអំពីការឆ្លើយតបរបស់រដ្ឋាភិបាលលើការវាយប្រហារមួយនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ