ឥណ្ឌូណេស៊ីក្លាយជាប្រទេសបាត់បង់ព្រៃឈើច្រើនជាងគេដោយសារសកម្មភាពជីករុករករ៉ែ និងបណ្តាលឲ្យបំពុលទឹកសមុទ្រសម្រាប់ប្រជាសហគមន៍នៅលើកោះ Kabaena
ទឹកសមុទ្រពណ៌ខៀវគ្រីស្តាល់ដែលធ្លាប់ឡោមព័ទ្ធកោះ Kabaena របស់ប្រទេសឥណ្ឌូណេស៊ីឥឡូវនេះប្រែទៅជាពណ៌ត្នោតហើយ។ ពពួកត្រីឆ្លាម និងត្រីចម្រុះពណ៌ ដែលអ្នកស្រុកធ្លាប់ចាប់បាននៅក្បែរនោះ ដើម្បីបរិភោគផង និងលក់ផងបានរត់ខ្ចាត់ខ្ចាយអស់ហើយដែរនាពេលនេះ ចំណែកសារ៉ាយសមុទ្រពណ៌ខៀវស្រងាត់ដែលពួកគេធ្លាប់ប្រមូលផលបានចំណេញ ក៏បាត់បង់ទៅអស់ដូចគ្នា។ ក្រុមពលរដ្ឋជាឪពុកម្តាយដែលធ្លាប់តែទូន្មានកូនៗរបស់ពួកគេឲ្យចេះហែលទឹកដោយភាពសប្បាយរីករាយនៅលើផ្ទៃសមុទ្រ Flores ឥឡូវនេះស្រាប់តែព្រមានកូនៗរបស់ពួកគេឲ្យស្ថិតនៅឲ្យឆ្ងាយពីទឹកព្រោះតែខ្លាចរោលកន្ទួលរមាស់ឬដំបៅស្បែកធ្ងន់ធ្ងរ ពីទឹកប្រែពណ៌នោះ។ ប្រជាជន កោះ Kabaena – រួមទាំងជនជាតិដើមភាគតិច Bajau ដែលជាក្រុមមនុស្សមានទម្លាប់រស់នៅក្បែរទឹក និងពឹងផ្អែកលើផ្ទៃសមុទ្រ ពេលនេះកំពុងស្ថិតក្នុងចំណោមគ្រោះថ្នាក់ដែលអ្នកជំនាញប៉ាន់ស្មានថាមានសហគមន៍រាប់ពាន់នៅជុំវិញប្រទេសឥណ្ឌូណេស៊ី ដែលមានរបៀបរស់នៅបែបប្រពៃណីត្រូវបានបំផ្លិចបំផ្លាញដោយផលប៉ះពាល់នៃវិស័យឧស្សាហកម្មរុករករ៉ែដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សមិនគួរឲ្យជឿ។ វត្ថុធាតុដើមភាគច្រើនដែលត្រូវបានគេជីកយករ៉ែនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានជំរុញខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិសម្រាប់ផលិតបានដែកអ៊ីណុក អាគុយរថយន្តអគ្គិសនី និងឧបករណ៍ជាច្រើនទៀត។ លោក Amiruddin អាយុ៥៣ឆ្នាំជាអ្នកនេសាទម្នាក់ដែលជនជាតិឥណ្ឌូនេស៊ីចូលចិត្តរាប់អានគាត់ជាច្រើនដែរបាននិយាយថា “អ្នកស្រុកនៅទីនេះបានទទួលឥទ្ធិពលអាក្រក់ពីការអភិវឌ្ឍលើឧស្សាហកម្មទាំងនោះ” ។ ដោយសារការវិនិយោគជាមួយនឹងទុនបំរុងនៃនីកែលដ៏ល្បីបំផុតរបស់ពិភពលោក និងប្រាក់បញ្ញើដ៏សម្បូរបែបនៃសារធាតុអាលុយមីញ៉ូម និងសម្ភារៈផ្សេងៗទៀត ធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីបាននឹងកំពុងជួបប្រទះនូវសកម្មភាពរីកដុះដាលនៃការជីកយករ៉ែលើតម្រូវការដែកអ៊ីណុក អាគុយរថយន្តអគ្គិសនី និងឧបករណ៍ជាច្រើនទៀតដែលត្រូវការសម្រាប់ការផ្លាស់ប្តូរថាមពលជាសកលដែរ។ ប្រទេសប្រជុំកោះមួយនេះបានព្យាយាមពង្រីកសមត្ថភាពរុករករ៉ែ និងការកែច្នៃរបស់ខ្លួន ខណៈដែលខ្លួនឯងក៏កំពុងប្រឈមនឹងប្រតិកម្មមហាជននិងពីអ្នកឃ្លាំមើលអន្តរជាតិ និងក្នុងស្រុកចំពោះកង្វល់បរិស្ថានផ្សេងៗ។ នៅទូទាំងប្រទេសឥណ្ឌូនេស៊ី រោងចក្រកែច្នៃនីកែលបានលាតសន្ធឹងលើផ្ទៃដីជាច្រើនហិចតា ដែលមានចំងាយដើរដល់ត្រឹមតែប៉ុន្មាននាទីពីសមុទ្រប៉ុណ្ណោះ។ កប៉ាល់ត្រៀមដឹករ៉ែនីកែលចេញចូលសមុទ្រក្បែរកោះនោះដូចផ្សារត្រីមិនដែលដាច់សោះឡើយ ។ សហគមន៍មូលដ្ឋាននិងបរិស្ថានធម្មជាតិជុំវិញអណ្តូងរ៉ែទាំងនេះ អាចទទួលបន្ទុកនៃតម្រូវការដ៏ខ្លាំងបានដោយចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២០ ពិភពលោកបានបាត់បង់ដើមឈើជិត១.៤លានហិកតាដោយសារតែការជីកយករ៉ែ ក្នុងនោះប្រទេសឥណ្ឌូណេស៊ីអស់ដើមឈើច្រើនជាងគេ នេះបើយោងតាមការវិភាគរបស់វិទ្យាស្ថានធនធានពិភពលោក ឬ World Resources Institute ។ ក្រុមហ៊ុនរុករករ៉ែ Anugrah Harisma Barakah ត្រូវគេដឹងថាគឺជាមូលហេតុនៃការកាប់បំផ្លាញព្រៃឈើច្រើនបំផុតនៅលើ កោះ Kabaena នេះបើយោងតាមប្រភពពលរដ្ឋនៅក្នុងតំបន់នោះ។ មកដល់ពេលនេះដែរក្រសួងថាមពលនិងធនធានរ៉ែរបស់ឥណ្ឌូនេស៊ីមិនបានឆ្លើយតបទៅនឹងបញ្ហានេះទេ ខណៈដែលមនុស្សនៅលើកោះ Kabaena និយាយថាពួកគេមានអារម្មណ៍ថាអស់សង្ឃឹមខ្លាំងណាស់៕
សម្រួលអត្ថបទ៖ សុផារិន្ទ