ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ
រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃច័ន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឺកនៃសាធារណរដ្ឋកូរ៉េ(DDH-978, Destroyer) នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៤ និងការចូលចតនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក(USS SAVANNAH) នាថ្ងៃទី១៦-២០ ខែធ្នូ ឆ្នាំ២០២៤ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថ ជំនាន់ទី៤៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាថ្ងៃទី១៦/ធ្នូ/២០២៤ ការប្រារព្ធខួបលើកទី៨០ នៃថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម(២២/ធ្នូ/១៩៤៤-២២/ធ្នូ/២០២៤) ដែលនឹងប្រាព្ធធ្វើនៅថ្ងៃទី១២/ធ្នូ/២០២៤ និងការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។
ទន្ទឹមនឹងនេះលោកមេបញ្ជាការរង និងជានាយសេនាធិការ ក៏បានប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពតំបន់ឆ្នេរ»។ ពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពតំបន់ឆ្នេរ» នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤នៅទីលានឆ្នេរថ្មីចន្លោះស្ពានឥន្ធនូ(ស្ពានចាស់) និងស្ពានថ្មព្រែកកំពង់បាយថ្មី ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ពិធីបើកជាផ្លូវការនៃពិធីបុណ្យសមុទ្រលើកទី១១នេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ គណៈប្រតិភូអន្តរជាតិ អង្គទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិផងដែរ។
កិច្ចប្រជុំការងារសន្តិសុខនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះ អ.ហ.ផ.ទ និងមានភ្ជាប់ Video Conference ទៅបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ និងសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថទាំង២។