ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ និងផ្សព្វផ្សាយផែនការ

រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៏ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យការងារបុណ្យផ្កាប្រាក់សាមគ្គី ពិធីចុះសួរសុខទុក្ខរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ យោធិនតាមបណ្តោយព្រំដែនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបូកសរុបដកពិសោធន៏ប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ Z9 និងផ្សព្វផ្សាយការងារសន្តិសុខព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា និងពិធីទទួលដំណើរមាតុភូមិនិវត្តន៏កម្លាំងរក្សាសន្តិភាពដែលបានបញ្ចប់បេសកកម្ម។

ពិធីបុណ្យផ្កាប្រាក់សាមគ្គីនឹងត្រូវរៀបចំធ្វើពិធីក្រុងពាលី និងសូត្រមន្តនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។

ចំពោះពិធីទទួលដំណើរមាតុភូមិនិវត្តន៏កងរាជអាវុធហត្ថលេខ២៧៨ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៣៦ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី២ដែលបានបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វីកកណ្ដាល នឹងប្រព្រឹត្តិទៅនាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ(PKO) ស្ថិតក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

កម្មវិធីចុះសួរសុខទុក្ខយោធិនតាមបណ្តោយព្រំដែនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបូកសរុបដកពិសោធន៏ប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ Z9 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤-០៦ ខែមីនា ឆ្នាំ២០២៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងមានភ្ជាប់ Video Conference ទៅបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ និងសាលាកងរាជអាវុធហត្ថទាំង២ផងដែរ។