ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ

រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីប្រារព្ធខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា»(២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) ផែនការស្តីពីយុទ្ធដំណើរទ័ពកម្លាំងកងអន្តរាគមន៏ពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ទៅ-មកវិមានឈ្នះ ឈ្នះ និងផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ព្រឹត្តិការណ៏បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»។ និងក៏បានធ្វើការផ្សព្វផ្សាយបទបញ្ជាស្ដីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ និងផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ មិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៏លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា(០៧.០១.១៩៧៩-០៧.០១.២០២៥)។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះគឺជាឆ្នាំដែលត្រូវប្រារព្ធខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ ហើយដែលសម្រាប់ខួបលើកទី២៦ឆ្នាំនេះ និងសម្រាប់ខួបលើកក្រោយជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យលេខ ០១អនក្រ.បក ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ កំណត់ជា«ទិវាសន្តិភាពនៅកម្ពុជា»ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា។

ពិធីប្រារព្ធខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា»(២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក  ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវិមានឈ្នះ ឈ្នះ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានឈ្នះ ឈ្នះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកឯព្រឹត្តិការណ៏បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ក៏នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត សេនានុពន្ធ អនុពន្ធ័យោធា នៃបណ្ដាប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។ 

មិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៏លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា(០៧.០១.១៩៧៩-០៧.០១.២០២៥)នឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារ៏ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងរណបកោះពេជ្រ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិការនៃគណៈ

អចិន្ត្រៃយ៏ គណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជន និងមហាជនចូលរួមប្រមាណជាងពីរមុឺនបីពាន់នាក់។

កិច្ចប្រជុំការងារសន្តិសុខនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះ អ.ហ.ផ.ទ និងមានភ្ជាប់ Video Conference ទៅបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ និងសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថទាំង២។