ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ និងបទបញ្ជា

រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃច័ន្ទ ១៥កើត ខែបុស្សនឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយបទបញ្ជា ស្ដីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០២៥ និងផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនឯកឧត្តមបណ្ឌិត Tan Sri Dato’(Dr.) Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេសុី និងលោកជំទាវ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ឆ្នាំ២០២៥នេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម នឹងចូលមកដល់នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាម៉ាឡេសុីនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត Tan Sri Dato’(Dr.) Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេសុី និងលោកជំទាវ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៨ ខែមករា ឆ្នាំ២០២៥។ នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនេះគណៈប្រតិភូជាន់ខ្ពស់ត្រូវបានប្រោសព្រះរាជទានក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះទីនាំងទេវាវិនិច្ឆ័យ។ ព្រមទាំងមានជំនួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជំនួបទ្វេភាគីជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជំនួបសម្តែងការគួរជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំការងារសន្តិសុខនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះ អ.ហ.ផ.ទ និងមានភ្ជាប់ Video Conference ទៅបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ និងសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថទាំង២។