ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ
ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(IDC-CDI) ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាសុី(ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ និងផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP)។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(IDC-CDI) នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ខេត្តសៀមរាប។

ចំណែកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាសុី(ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តិទៅពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន ៧មករា រាជធានីភ្នំពេញ។ មហាសន្និបាតនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាគណបក្សនយោបាយនៅអាសុី អង្គទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអ្នកសារពត៌មានជាតិ អន្តរជាតិ។

ពាក់ព័ន្ធនឹងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) នឹងប្រព្រឹត្តិទៅពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរដ្ឋសភានៃបណ្តាប្រទេសជាង៩០នៅលើពិភពលោក អង្គទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអ្នកសារពត៌មានជាតិ អន្តរជាតិផងដែរ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះ អ.ហ.ផ.ទ និងមានភ្ជាប់ Video Conference ទៅបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ និងសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថទាំង២។