ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំលទ្ធផលការងាររបស់គណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយៈពេល១ឆ្នាំ របស់គណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិក អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅថ្ងៃទី១៦ខែមករា ឆ្នាំ១៩៥៦។
ជាកាតព្វកិច្ច ព្រះរាជាណាចក្រកម្ពុជា ត្រូវគោរពតាមមាត្រា, លក្ខខ័ណ្ឌ និងឧបសម្ព័ន្ធនានា នៃអនុសញ្ញានិងពិធីសារ។ អនុសញ្ញាទីក្រុងស៊ីកាហ្គោឆ្នាំ១៩៤៤ ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ មានឧបសម្ព័ន្ធចំនួន១៩ ក្នុងនោះឧបសម្ព័ន្ធទី១៧ ស្តីពីសន្តិសុខ អាកាសចរណ៍ស៊ីវិល មានស្តង់ដាចំនួន ៩៥ និងអនុសាសន៍ណែនាំ ដែលតម្រូវឲ្យរដ្ឋសមាជិកអនុវត្ត។ ជាការអនុវត្ត ព្រះរាជាណាចក្រកម្ពុជា ដែលមាន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាតំណាងបានរៀបចំឆ្លើយតបតាមស្ដង់ដាលេខ ៣.១.៧ នៃឧបសម្ព័ន្ធទី១៧ ក្នុងការបង្កើតគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល និងស្ដង់ដាលេខលេខ ៣.២.៣ នៃឧបសម្ព័ន្ធទី១៧ តម្រូវឲ្យបង្កើតគណៈកម្មការសន្តិសុខអាកាសយានដ្ឋាន។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបន្ដថា ក្រុមការងារលេខាធិការដ្ឋាន បានធ្វើបច្ចុប្បន្នភាពគណៈកម្មការសន្តិសុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគណៈកម្មការ សន្តិសុខអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និង គណៈកម្មការសន្តិសុខ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
លើសពីនេះ បានធ្វើបច្ចុប្បន្នភាពលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ ស៊ីវិល និងបានរៀបចំសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាព ការរៀបចំ និងការ ប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល។ ការកំណត់ចំនួនបណ្ណ និងនីតិវិធីនៃការផ្តល់បណ្ណសន្តិសុខសម្រាប់ ចេញ-ចូល អាកាស យានដ្ឋានអន្តរជាតិ ជូនដល់គ្រប់ក្រសួង ស្ថាប័ន ស្ថានទូត អង្គការជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជនផ្តល់សេវាកម្មក្នុងអាកាសយានដ្ឋានអន្តរជាតិ និង អង្គភាពពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
បើតាមឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក្នុងមួយឆ្នាំកន្លងទៅនេះ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល បានបណ្ដុះបណ្ដាលសន្ដិសុខ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្ដរជាតិខេត្តព្រះសីហនុ, អាកាសយានដ្ឋានអន្ដរជាតុសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែរបស់គ្រប់បណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលរួមសហការគ្នាបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងជោគជ័យនាពេលកន្លងមក។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំដល់គ្រប់បណ្ដាប្រធានអង្គភាព ស្ថាប័នដែលមានការពាក់ព័ន្ធ ត្រូវរៀបចំផែនការសកម្មភាពឡើងវិញ ពោលធ្វើយ៉ាងណាដើម្បីធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ នៅតាមអាកាសយានដ្ឋានអន្ដរជាតិទាំងអស់ឲ្យខាងតែបាន ពិសេសអនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា៕