ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិផ្សព្វផ្សាយសៀវភៅផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ ២០២៤ -២០២៨ នៅសាកលវិទ្យាល័យការពារជាតិ

នាព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៤ នៅសកលវិទ្យាល័យការពារជាតិ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ ២០២៤ –

២០២៨ ។

ថ្លែងក្នុងឱកាសនេះដែរ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងការពារជាតិ បានឡើងរាយការណ៍ សមិទ្ធផល សកម្មភាពការងារយេនឌ័រដែលសម្រេចបានរួមមាន÷ ការងារ បណ្តុះបណ្តាល ការងារផ្សព្វផ្សាយ ការងារកីឡា ការងារសុខាភិបាល ការងារសង្គម ការងារប្រជុំ និងសិក្ខាសាលា ព្រមទាំង ការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ព្រមទាំងលើកទិសដៅអនុវត្តបន្ត និងទស្សនវិស័យនៅក្នុងផែនការយុទ្ធសាស្ត្ររយៈពេល០៥ឆ្នាំខាងមុខ ដើម្បីផ្សព្វផ្សាយ អោយកាន់តែទូលំទូលាយប្រកបដោយប្រសិទ្ធភាពបន្តទៀត  នឹងបន្តផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារជាតិឆ្នាំ២០២៤-២០២៨ ទស្សនៈយេនឌ័រ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដល់នាយទាហាន នាយទាហានរង និងពល ទាហានទាំងពីរភេទ ក្នុងកងយោធពលខេមរភូមិន្ទដូចជា -ពង្រឹងពង្រីកក្រុមការងារយេនឌ័រតាមបណ្តាកងឯកភាពឱ្យបានរឹងមាំ 

-ចុះពិនិត្យវឌ្ឍនភាពការងារយេនឌ័រ

តាមបណ្តាកងឯកភាព និងការចូលរួមធ្វើបទបង្ហាញពីយោធិននារី ជំនាញមកពី មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក យោធាចារ្យសាលកវិទ្យាល័យការពារជាតិ យោធាចារ្យជំនាញរថក្រោះ រថពាសជាដើម។

មានប្រសាសន៍ថ្លែងក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានកោតសរសើរ វឌ្ឍនភាពការងារ និងវាយតម្លៃខ្ពស់ ដល់ការខិតខំប្រឹងប្រែង របស់ក្រុមការងារយេនឌ័រក្រសួងការពារជាតិ ដែលបានខិតខំបំពេញការងារលើវិស័យ កិច្ចការនារី និងយេនឌ័រក្នុងកងយោធពលខេមរភូមិន្ទ និងខិតខំរៀបចំសៀវភៅផែនការយុទ្ធសាស្តបញ្ចៀបយេនឌ័រ ក្នុងវិស័យការពារជាតិឆ្នាំ២០២៤-២០២៨នេះឡើង ដោយសហការល្អជាមួយ ក្រសួងកិច្ចការនារី ក៏ដូចជាតំណាងដែលបានចូលរួមនាពេលនេះ និងផ្ដល់នូវទស្សនាទានស្តីពី ការលើកកម្ពស់សមភាពយេនឌ័រ ក្នុងកងយោធពលខេមរភូមិន្ទ ។ ទន្ទឹមនឹងនោះ ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានកត់សម្គាល់ផងដែរថា យើងទាំងអស់គ្នាដែលមានវត្តមាននៅទីនេះភាគច្រើនគឺជាអ្នកទទួលខុសត្រូវ និង បម្រើការងារក្នុងការលើកកម្ពស់ដល់កិច្ចការនារី និងយេនឌ័រក្នុងកងយោធពលខេមរភូមិន្ទ ដូចនេះនៅពេលបំពេញកិច្ចការក្នុងស្ថាប័នកងឯកភាពរបស់ខ្លួន យើងគឺជាយោធិន នៃកងយោធពលខេមរភូមិន្ទ ហើយនៅពេលបំពេញកិច្ចការក្នុងគ្រួសារ យើងគឺជា មាតា ជាអុំស្រី ជាម្តាយមីង ជាបងស្រី ជាប្អូនស្រី និងជាកូនស្រីនៅក្នុងគ្រួសារនីមួយៗនៃសង្គមជាតិរបស់យើង។ក្នុងន័យនេះ ក្នុងនាមជាយោធិនត្រូវធ្វើជាពលរដ្ឋល្អ និងជាគំរូក្នុងការលើកកម្ពស់សីលធម៌តម្លៃស្ត្រី និងគ្រួសារខ្មែរក្នុងសង្គម ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ”ស្ត្រីគឺជាស្នូល និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសង្គម”។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តាំផ្ញើនិងផ្តល់នូវអនុសាសន៍មួយចំនួនដូចតទៅ៖

នារីរតនៈ

១-ត្រូវបន្តរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពនូវ “ផែនការយុទ្ធសាស្ត្របញ្ចៀបយេនឌ័ររបស់ ក្រសួងការពារជាតិ ដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ ក៏ដូចជា “ផែនការយុទ្ធសាស្ត លើកទី៦ ឆ្នាំ២០២៤-២០២៨” ដែលក្រសួងកិច្ចការនារី បានដាក់ចេញឱ្យបានសមស្រប ដើម្បី បញ្ចៀបនូវគោលគំនិត នយុទ្ធសាស្ត្រលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាច ដល់យោធិននារី ក្នុងក្រសួងការពារជាតិ អោយកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវត្តន៍ន សម័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល ។

២-ត្រូវយកចិត្តទុកដាក់ដល់ការលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងក្រសួងការពារជាតិ និងអគ្គបញ្ញាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ជាពិសេសការលើកកម្ពស់ ការចូលរួម និង ភាពជាតំណាងរបស់នារីនៅតាមសា្ថប័ន កងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំង យកចិត្តទុកដាក់ដល់ការអប់រំរៀនសូត្រ បណ្តុះបណ្តាល និងបញ្ជូនយោធិននារីឱ្យបានច្រើន ថែមទៀត ដើម្បីចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។ ទន្ទឹមនិងនេះ ក៏ត្រូវយកចិត្តទុកដាក់ដល់ការកែទម្រង់ ត្រួតពិនិត្យ វាយតម្លៃទៅតាមសមត្ថភាព ជំនាញនិងវិន័យ សីលធម៌ វិជ្ជាជីវៈជាក់ស្ដែងតាមកងឯកភាពនីមួយៗដើម្បីផ្ដល់តួនាទី ឋានន្តរស័ក្តិ ដល់យោធិននារីឱ្យបានសមស្រប ទៅតាមជំនាញនិងតម្រូវការជាក់ស្ដែងក្នុងវិស័យការពារជាតិ។

៣-ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលានូវរាល់បទល្មើសផ្សេងៗ ជាពិសេស ការលុបបំបាត់ ការប្រើប្រាស់និងជួញដូរគ្រឿងញៀន អំពើហឹង្សាលើស្រ្តី និងក្មេងស្រី ក៏ដូចជា ការជួញដូរមនុស្ស ការជួញដូរលើស្ត្រី ក្មេងស្រីនិងកុមារ គោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់ តាម ច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាបទបញ្ជានិងបទវិន័យទូទៅ ចំពោះយោធនិននៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

៤-យោធិននារីត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ដើម្បីលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស ក៏ដូចជាការលើកកម្ពស់ អត្ថប្រយោជន៍ សិទ្ធិអំណាច

និងសេចក្តីថ្លៃថ្នូរ របស់នារីក្នុងកងយោធពលខេមរភូមិន្ទ។ សូមឱ្យស្មារតីនៃសមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រីក្នុងកងយោធពលខេមរភូមិន្ទ ក្លាយជាធ្លុងសាមគ្គីជាតិដ៏រឹងមាំ ដើម្បី រួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិនៃព្រះរាជាណាចក្រកម្ពុជាក្នុងសម័យ ឌីជីថល រីកចម្រើនរុងរឿងទាំងបច្ចុប្បន្ន និងទៅអនាគត៕