ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជាបានជម្រាបជូន រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា អ៊ីរ៉ង់មានគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ផ្លាស់ប្តូរចែករំលែកចំណេះដឹង និងបទពិសោធន៍នៃបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត និងការផ្លាស់ប្តូរបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងអ្នកសិក្សាស្រាវជ្រាវ រវាងប្រទេសទាំងពីរ

ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជាបានជម្រាបជូន រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា  អ៊ីរ៉ង់មានគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ផ្លាស់ប្តូរចែករំលែកចំណេះដឹង និងបទពិសោធន៍នៃបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត និងការផ្លាស់ប្តូរបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងអ្នកសិក្សាស្រាវជ្រាវ រវាងប្រទេសទាំងពីរ

====================

ក្នុងជំនួបនោះឯកឧត្តមAli Akbar Nazari ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់កម្ពុជានាពេលកន្លងមក ក្នុងនោះវិស័យសុខាភិបាល ក៏ជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សបំផុតមួយផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរ របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងការពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសិក្សាលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដែលរួមមាន ការផ្លាស់ប្តូរចែករំលែកចំណេះដឹង និងបទពិសោធន៍នៃបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត ការផ្លាស់ប្តូរបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងអ្នកសិក្សាស្រាវជ្រាវ ព្រមទាំងលទ្ធភាពនៃការវិនិយោគលើការនាំចូលផលិតផលឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំងផងដែរ។

ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ មានប្រសាសន៍បែបនេះក្នុងជំនួប

នៅទីស្តីការក្រសួងសុខាភិបាល ជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ដល់ការរីកចម្រើន របស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងបានបញ្ជាក់ថានឹងពិនិត្យមើលលទ្ធភាព រៀបចំកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕