ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុ អញ្ជើញធ្វើទស្សនកិច្ចនៅស្ថានីយទូរទស្សន៍ TBS និងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន TBS HOLDINGS នៅទីក្រុងតូក្យូ
ក្រោមការសម្របសម្រួលពីសមាគមជប៉ុនកម្ពុជា (Japan-Cambodia Association – JCA) នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសហការី បានអញ្ជើញធ្វើទស្សនកិច្ចនៅស្ថានីយទូរទស្សន៍ TBS និងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន TBS HOLDINGS នៅតំបន់ពាណិជ្ជកម្មអាកាសាកាក់ ទីក្រុងតូក្យូ តាមការអញ្ជើញរបស់ប្រធានក្រុមហ៊ុន TBS HOLDINGS ។ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុនកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក RYUJIRO Abe ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិក្រុមហ៊ុន TBS HOLDINGS ជាមួយនឹងការជួបសំណេះសំណាលខ្លីដោយក្តីរាក់ទាក់បំផុត។ក្នុងឱកាសនោះ បុគ្គលិកក្រុមហ៊ុនទូរទស្សន៍ TBS បានធ្វើបទបង្ហាញនិងចែករំលែកអំពីបទពិសោធន៍ “Tech Design X”និងសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់បច្ចេកវិទ្យា VFX ជាមួយអេក្រង់ LED ក្នុងស្ទូឌីយ៉ូ ដើម្បីផលិតខ្សែភាពយន្ត ក៏ដូចជាការបង្កើតព្រឹត្តិការណ៍អនឡាញធំៗនៅក្នុងប្រទេសជប៉ុនជាដើម។ ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូត និងសហការី ក៏បានអញ្ជើញពិនិត្យមើលសកម្មភាពប្រតិបត្តិការជាក់ស្ដែងរបស់បុគ្គលិកនៃការិយាល័យផ្សព្វផ្សាយព័ត៌មាន និងស្ទូឌីយ៉ូរបស់ទូរទស្សន៍ TBS ពេលដែលទូរទស្សន៍ TBS កំពុងដំណើរការផ្សព្វផ្សាយព័ត៌មានផ្ទាល់ផងដែរ៕