ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំប្រតិភូកម្ពុជាបានជួបប្រជុំជាផ្លូវការនៃទ្វេរភាគី កម្ពុជា. វៀតណាម ក្នុងខ្លឹមសារលើការ​ចូលរួម​របស់​វៀតណាម​ក្នុង​កិច្ច​ប្រជុំ​កំពូល​សៀមរាប​-អង្គរ​

(ទីក្រុងហាណូយ វៀតណាម) ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ បានជួបប្រជុំពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក Le Quang Hop អគ្គនាយករងអចិន្ត្រៃយ៍នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម (VNMAC) ដែលកិច្ចប្រជុំនេះ មានការចូលរួមពីលោក Juan Carlos Ruan ប្រធានអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា។ 

ក្នុងជំនួបនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណ និងទទួលស្គាល់ចំពោះការគាំទ្ររបស់វៀតណាម មកលើកម្ពុជា ក្នុងការរួមចំណែកការកសាងសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ព្រមទាំងបានថ្លែងអំណរគុណវៀតណាមចំពោះការបញ្ជូនគណៈប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នាប៉ុន្មានថ្ងៃខាងមុខនេះ។ ឯកឧត្ដមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ទៀតថា ការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គររបស់ប្រទេសវៀតណាមនាពេលខាងមុខ គឺជាកាយវិការដ៏សំខាន់មួយនៅក្នុងការសហការ និងការខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។ 

ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិត លី ធុជ បានកោតសរសើរវៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបោសសម្អាតមីន ដែលស្របតាមគោលការណ៍នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស។ ឯកឧត្តមប្រធានអនុសញ្ញាអូតាវ៉ា បានអះអាងថា ការចូលជាសមាជិករបស់វៀតណាមក្នុងអនុសញ្ញាអូតាវ៉ានេះ នឹងផ្ញើសារដ៏រឹងមាំទៅកាន់ពិភពលោក និងជំរុញប្រជាជាតិដទៃទៀតចូលរួមអនុសញ្ញានេះ និងរួបរួមកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ទុក្ខលំបាក និងជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។ 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា បានស្នើឱ្យប្រទេសវៀតណាមគាំទ្រអនុសញ្ញានេះ ដោយបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការអនុវត្តអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស និងដើរតួនាទីយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍ក្នុងវិស័យសកម្មភាពមីន។

លោកវរសេនីយ៍ឯក Le Quang Hop បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញា និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ព្រមទាំងបញ្ជាក់នឹងរាយការណ៍អំពីសំណើរបស់កម្ពុជាទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញា។ ទន្ទឹមនឹងនោះ វៀតណាម រីករាយក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ពិភពលោក ហើយបញ្ជាក់ជាថ្មីថា ទោះបីជាវៀតណាមមិនមែនជារដ្ឋភាគីនៃអនុសញ្ញាក៏ដោយ ក៏វៀតណាមប្រកាន់ខ្ជាប់នូវគោលការណ៍នៃអនុសញ្ញានេះ ដែរ។