ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញឱ្យក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ បន្តកសាងនូវភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ តាមរយៈទទួលយកនូវសំណូមពរ និងឆ្លេីយតបទាន់ពេលវេលា

(កំពង់ចាម) ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥ តាងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានអញ្ជេីញដឹងនាំវេទិការសាធារណ: និងជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
ក្នុង ឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានពាំនាំនូវ សេចក្ដី នឹក រលឹក និង សាក សួរ សុខទុក្ខ ពី សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះបង ប្អូនប្រជាពលរដ្ឋឃុំតាំងក្រសាំង ព្រមទាំងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា សម្តេចធិបតី បាននឹងកំពុងបន្តរក្សាសន្តិភាព និងដឹកនាំការអភិវឌ្ឍជាតិមាតុភូមិ ជាពិសេសបានបង្កេីតឱ្យមានរដ្ឋាភិបាលតែមួយ និងសមិទ្ធផល តែមួយ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ជាមួយគ្នានេះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសេីរចំពោះក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រសាំង ដែលបានស្ម័គ្រចិត្តចូលរួុមដឹកនាំមូលដ្ឋានឃុំតាំងក្រសាំង ក្នុងការកសាង និងបង្កេីតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសចូលរួមឆ្លេីយតបនូវបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំឱ្យក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ បន្តកសាងនូវភាពស្អាតស្អំជាមួយប្រជាពលរដ្ឋ តាមរយៈទទួលយកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ដេីម្បីយកមកធ្វេីការដោះស្រាយ និងឆ្លេីយតបឱ្យទាន់ពេលវេលា តាមកម្រិត និងតម្រូវការចាំបាច់ជាអាទិភាព។
ជាចុងបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានដាស់តឿនឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវគិតពីផលប្រយោជន៍រួមរបស់សហគមន៍ និងហ៊ានតស៊ូមតិដេីម្បីសហគមន៍។