ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញបើកហឹបវិញ្ញាសា សម្រាប់ព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សាមគ្គី
នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយក្រុមការងារពាក់ព័ន្ធ បានអញ្ជើញបើកហឹបវិញ្ញាសា សម្រាប់ព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៨ តុលា ២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សាមគ្គី ដោយស្ថានភាពនៅមណ្ឌលប្រឡង មានរបៀបរៀបរយ និង បរិយាកាសស្ងប់ស្ងាត់ល្អហើយ គណៈមេប្រយោគគ្រប់រូប បាន និងកំពុងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕