ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មអនុញ្ញាតឱ្យ ឯកឧត្តម ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម

ភ្នំពេញ៖ នាព្រឹក ថ្ងៃចន្ទ ១១កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុញ្ញាតឱ្យ ឯកឧត្តម ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម និងជូនសៀវភៅចំនួន ២៥០០ក្បាល ជូនឯកឧត្ដមបណ្ឌិតប្រភូ ចាត់ចែងប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ ជាពិសេសជូនមកបណ្ណាល័យនៃ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច ដែលតែងតែស្រឡាញ់ និងចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបានជួយឧបត្ថម្ភ និងបន្តឧបត្ថម្ភ ដល់ការបោះពុម្ពផ្សាយនូវសៀវភៅជាច្រើន នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ៕