ឯកឧត្ដម ឃឹម វុទ្ធី៖ ការផលិតវីដេអូឯកសារស្តីពី សរសរស្តម្ភទាំង៦ នៃការរស់នៅតាមដងទន្លេមេគង្គ កម្មវិធីនេះបានបង្ហាញអំពីការរស់នៅក្នុង សុខសន្តិភាព ការអភិវឌ្ឍ ភាពសុខដុមរមនា

ថ្លែងក្នុងពិធីបិទការផលិតកម្មវិធីទូរទស្សន៍ សរសរស្គមទាំង ៦ នៃការរស់នៅតាមដងទន្លេមេគង្គ ឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់ថា៖ ការផលិតវីដេអូឯកសារស្តីពី សរសរស្តម្ភទាំង៦ នៃការរស់នៅតាមដងទន្លេមេគង្គ មិនត្រឹមតែជាការផលិតសម្រាប់ផ្សាយនោះទេ កម្មវិធីនេះក៏បានបង្ហាញអំពីការរស់នៅក្នុង សុខសន្តិភាព ការអភិវឌ្ឍ ភាពសុខដុមរមនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន
ពិធីនេះប្រារព្ធធ្វើ ក្រោមអធិបតីភាពឯកឧត្ដម កឹម គុណវឌ្ឍន៍ រដ្ឋ លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានរៀបចំនៅ សណ្ឋាគារ Sunway HOTEL រាជធានីភ្នំពេញ។
ឯកឧត្ដម កឹម គុណវឌ្ឍន៍ បានលើកទ្បើងចំណុចសំខាន់ៗ ៧ចំណុចដូចខាងក្រោម
១. លើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃទន្លេមេគង្គ
២. លើកកម្ពស់ការសហការក្នុងតំបន់
៣. លើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន
៤. លើកកម្ពស់វប្បធម៌រួម
៥. លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច
៦. លើកកម្ពស់ការចូលរួមរបស់យុវជន
៧. លើកកម្ពស់ការគ្រប់គ្រងប្រភពធនធានទឹក
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានឲដឹងថាកម្មវិធីទូរទស្សន៍សរសរស្តម្ភទាំង៦ នៃការរស់នៅតាមដងទន្លេមេគង្គ និងភាពយន្តឯកសារនេះ មានគោលបំណងប្រាប់ពីរឿងរ៉ាវនៃសសរស្តម្ភទាំងប្រាំមួយ ដែលទ្រទ្រង់សហគមន៍ នៅតាមដងទន្លេនិងប្រជាជនដែលបានរស់នៅដោយសុខដុមរមនាជាមួយនឹងផ្លូវទឹកដ៏សំខាន់នេះអស់ជាច្រើន សតវត្សមកហើយ។
តាមរយៈវីដេអូឯកសារទាំង២៥ប្រធានបទ ដែលបានផលិត និងកំពុងចាក់ផ្សាយនៅលើកញ្ចក់ ទូរទស្សន៍ជាតិកម្ពុជា, គេហទំព័រ, បណ្តាញសង្គមរួមមាន៖ Facebook Page, YouTube, Tik tok, និង Channel Telegram របស់ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាប្រទេសទាំងប្រាំរួមមាន ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម បានបង្ហាញឱ្យឃើញថាកម្មវិធីទូរទស្សន៍ សរសរស្តម្ភទាំង៦ នៃការរស់នៅតាមទន្លេមេគង្គ បានរំលេចចេញអំពីជីវភាពរស់នៅការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ។ កម្មវិធីនេះ ក៏បានបង្ហាញអំពីតំបន់សក្តានុពលនៃវិស័យអេកូទេសចរណ៍ តាមបណុ តាខេត្ត ដែលជាប់នឹងទន្លេមេគង្គ ការថែរក្សា និងអភិរក្សធនធានធម្មជាតិ បង្ហាញអំពីទំនៀមទំលាប់ ប្រពៃណី វប្បធម៌របស់បងប្អូនជនជាតិដើមភាគតិច ដែលនៅតែបន្តការថែរក្សា និងអភិរក្សបានយ៉ាងល្អ ជាពិសេស កម្មវិធីនេះ បានឆ្លុះបញ្ចាំងអំពីសារប្រយោជន៍ និងគុណតម្លៃដ៏ធំធេងមិនអាចកាត់ថ្លៃបាននៃទន្លេមេគង្គ ដែល បានជួយទ្រទ្រង់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។
ឯកឧត្ដម ឃឹម វុទ្ធី បានបន្តថារឿងរាវទាំង២៥ប្រធានបទ នៅ ពេលនេះ នឹងមានតម្លៃមហាសាល សម្រាប់អ្នកសិក្សា អ្នកទស្សនាស្វែងយល់ រៀនសូត្រ ក្លាយជាការកត់ត្រានូវ ឯកសារសំខាន់ទាំងបច្ចុប្បន្ន និងទៅអនាគត។ អគ្គនាយកដ្ឋាន នឹងបន្តខិតខំប្រឹងប្រែងផលិតមាតិកាសំខាន់ៗ មានភាពទាក់ទាញដើម្បីបម្រើដល់រាជរដ្ឋាភិបាល ជាប្រយោជន៍ដល់អ្នកទស្សនាទាំងជាតិ និងអន្តរជាតិ៕