ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារអញ្ជេីញជាអធិបតីក្នុងវេទិកា “បរធនបាលកិច្ច ឆ្នាំ ២០២៤” ក្រោមប្រធានបទ “បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត”

នាថ្ងៃពុធ ១៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា គ.ស. ២០២៤ នៅសណ្ឋាគារ សុខា ភ្នំពេញ និយ័តករបរធនបាលកិច្ច  បានរៀបចំវេទិកា “បរធនបាលកិច្ច ឆ្នាំ ២០២៤” ក្រោមប្រធានបទ “បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ដោយមានកិច្ចសហការគាំទ្រពីបណ្តាក្រុមហ៊ុនបរធនបាល, ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services), ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ដែលទទួលបានអាជ្ញាបណ្ណ/ ការអនុញ្ញាត/ការទទួលស្គាល់ពី ន.ប.ធ. វេទិកា “បរធនបាលកិច្ច ឆ្នាំ ២០២៤” នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបន្ថែម ក៏ដូចជាចែករំលែកចំណេះដឹង បទពិសោធន៍អនុវត្ត និងឧត្តមានុវត្តន៍អន្តរជាតិពាក់ព័ន្ធវិស័យបរធនបាលកិច្ច ជាពិសេសដើម្បីភ្ជាប់បណ្ដាញទំនាក់ទំនង និងជំរុញការបង្កើតឱ្យមានប្រព័ន្ធសហថាមភាពរវាងប្រតិបត្តិករគន្លឹះក្នុងទីផ្សារបរធនបាលកិច្ចនៅកម្ពុជា។

សម្រាប់វេទិកាបរធនបាលកិច្ចឆ្នាំ ២០២៤ នេះ ការរៀបចំគឺផ្តោតជាសំខាន់ទៅលើបទបង្ហាញ និងកិច្ចពិភាក្សាអំពីកាលានុវត្តភាព និងគុណប្រយោជន៍នៃការប្រើប្រាស់យន្តការបរធនបាលកិច្ច, បរធនបាលកិច្ចគ្រួសារសម្រាប់ការរៀបចំផែនការតជំនាន់ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាតំណាង ប្រតិបត្តិករបរធនបាល ដែលមានជំនាញនិងបទពិសោធច្រើនឆ្នាំ និងមានភ្ញៀវជាតិមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងភ្ញៀវអន្តរជាតិអញ្ជើញមកពីបរទេសផងដែរ។ ជាពិសេស ឆ្លៀតក្នុងឱកាសដ៏មានសារសំខាន់នេះ ក៏មានការចាក់បង្ហាញនូវ “វីដេអូសមិទ្ធផលសម្រេចបានក្នុងវិស័យបរធនបាលកិច្ច”, “ពិធីប្រគល់ពានរង្វាន់ឆ្នើមដល់ក្រុមហ៊ុន, ធនាគារ និងបុគ្គលដែលជាប្រតិបត្តិករផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច, ដៃគូសហប្រតិបត្តិការសកម្ម, អង្គភាពសារព័ត៌មានឆ្នើម ប្រចាំឆ្នាំ២០២៣, និងការប្រគល់រង្វាន់ដល់បេក្ខជនជ័យលាភីក្នុងកម្មវិធីប្រកួតសរសេរ អត្ថបទក្នុងវិស័យបរធនបាលកិច្ច” និងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ច” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ផងដែរ។ ប្រព័ន្ធចុះបញ្ជីនេះ មានមុខងារសម្រាប់ជួយសម្រួល និងបង្កើតផលិតភាពការងារពាក់ព័ន្ធ នឹងការចុះបញ្ជី រួមមាន៖ ការបង្កើត ការចុះបញ្ជី  ការពន្យារពេល ការស្នើសុំធ្វើបច្ចុប្បន្នភាព និងការបញ្ចប់បរធនបាលកិច្ច ជាដើម។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ., ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល, ឯកឧត្ដមអគ្គនាយក, ឯកឧត្ដម, លោកជំទាវ ដែលជាសមាជិក-សមាជិកាក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្ដម លោកជំទាវ តំណាងក្រសួង/ស្ថាប័ន ពាក់ព័ន្ធ និងតំណាងរដ្ឋបាលទាំង ២៥ ខេត្ត-ក្រុង, ឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, លោកឧកញ៉ា, ឧកញ៉ា, លោក, លោកស្រី, វាគ្មិន, ភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណជាង ៤០០ រូប។