ឯកឧត្ដម សុខ ប្រសិទ្ធិ ទទួលជួបពិភាក្សាការងារជាមួយ ប្រធានវិទ្យាស្ថានឡាយហ៍សាយអិនហ៍ ប្រទេសចិន
ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅស្តីការក្រសួងព័ត៌មាន លោកGuo Kongwen ប្រធានវិទ្យាស្ថានឡាយហ៍សាយអិនហ៍ ( Cambodia ACADEMY OF LIFE SCIENCES ) ប្រទេសចិន បានបញ្ជាក់ជូនពីគោលបំណងចង់មកចូលរួមចំណែកអភិវឌ្ឍន៍ និងលើកកម្ពស់សុខមាលភាពរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា ។ លោកGuo Kongwen បានជម្រាបជូនថា វិទ្យាស្ថានឡាយហ៍សាយអិនហ៍ គឺមានបន្ទប់ពិសោធន៍កោសិកា GMP កម្រិត B+A អន្តរជាតិ ដោយធ្វើការបណ្តុះកោសិកាចិញ្ចឹមថ្លើម ដែលមានប្រសិទ្ធិភាពខ្ពស់ ។ ដោយមើលឃើញពី និងចូលរួមសហការគាំទ្រកិច្ចសហប្រតិបត្តិការ មិត្តភាពកម្ពុជាចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ទើបវិទ្យាស្ថានឡាយហ៍សាយអិនហ៍ បានមកធ្វើការសិក្សា ហើយចង់បង្កើតជា វិទ្យាស្ថានវិទ្យាសាស្ត្រជីវិតនៃកម្ពុជា ដោយមានក្រុមគ្រូពេទ្យជំនាញ ជប៉ុន អាមេរិក ចិន ដែលមានជំនាញ និងបានសិក្សាស្រាវជ្រាវត្រឹមត្រូវរួមគ្នាធ្វើបណ្តុះកោសិកាចិញ្ចឹមថ្លើម នៅក្នុងវិទ្យាស្ថាននៅកម្ពុជាតែម្តង ។ តាមរយៈគម្រោងការងារនេះ គឺខាងក្រុមការងាររបស់វិទ្យាស្ថាន បាននឹងកំពុងបំពេញបែបបទស្នើទៅក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យសម្រេចអោយវិទ្យាស្ថានឡាយហ៍សាយអិនហ៍ ប្រទេសចិន បើកដំណើរការជាផ្លូវការស្របត្រឹមត្រូវតាមច្បាប់ក្នុងប្រទេសកម្ពុជា ។ បើសិនជាទទួលបានអាជ្ញាបណ្ណត្រឹមត្រូវ លោក Guo Kongwen ប្រធានវិទ្យាស្ថានឡាយហ៍សាយអិនហ៍ ស្នើសុំកិច្ចសហការជាមួយក្រសួងព័ត៌មាន ក្នុងការផ្សព្វផ្សាយអោយបានទូលំទូលាយ។
ឯកឧត្ដម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានសំដែងនូវការគាំទ្រ និងផ្តល់កិច្ចសហការផ្សព្វផ្សាយ នៅពេលវិទ្យាស្ថានឡាយហ៍សាយអិនហ៍ ប្រទេសចិន ទទួលបានការអនុញ្ញាតពីក្រសួង ស្ថាប័នជំនាញនៅកម្ពុជា ហើយផ្សាយអោយសាធារណជនបានដឹងពីសកម្មភាព និងជំនាញរបស់វិទ្យាស្ថានទាក់ទងបញ្ហាសុខភាព ពិសេសថ្លើម៕