ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញជាគ្រូបង្គោលក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី”ការប្រយុទ្ធប្រឆាំង និងការឆ្លើយតបព័ត៌មានក្លែងក្លាយ” ជូនដល់ក្រុមការងារប្រតិកម្មរហ័សរបស់រដ្ឋបាលរាជធានីភ្នំពេញ
នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នាសាលារាជធានីភ្នំពេញ ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញជាគ្រូបង្គោលក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី”ការប្រយុទ្ធប្រឆាំង និងការឆ្លើយតបព័ត៌មានក្លែងក្លាយ” ជូនដល់ក្រុមការងារប្រតិកម្មរហ័សរបស់រដ្ឋបាលរាជធានីភ្នំពេញ ។
វគ្គបណ្តុះបណ្តាលស្តីពី«ការប្រយុទ្ធប្រឆាំង និងការឆ្លើយតបព័ត៌មានក្លែងក្លាយ» នាឱកាសនេះ បានផ្តល់ដល់សិក្ខាកាមនឹងយកចំណេះវិជ្ជានេះ ទៅធ្វើការកំណត់ វិភាគ និងផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ក៏ដូចជាមានវិធីសាស្ត្រទប់ស្កាត់ និងបន្សាបរាល់ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ដើម្បីសន្តិភាពសង្គម និងស្ថេរភាពសង្គម ។
ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើបទបង្ហាញលើប្រធានបទ ៖ -ការពិចារណាផ្នែកច្បាប់ និងក្រមសីលធម៌
-ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធទាក់ទងនឹងព័ត៌មានក្លែងក្លាយ
-គោលការណ៍ណែនាំសីលធម៌សម្រាប់អ្នកសារព័ត៌មាន និងអ្នកទំនាក់ទំនង
-ករណីសិក្សា និងការអនុវត្តល្អបំផុត
ជាមួយនេះ ឯកឧត្តម រដ្ឋលេខាធិការ បានជម្រាបជូនពីគោលការណ៍ នៃក្រមសីលធម៍ព័ត៌មាន រួមមាន ភាពត្រឹមត្រូវ និងសច្ចភាព មានន័យថា អ្នកសារព័ត៌មានមានកាតព្វកិច្ចរាយការណ៍ការពិតឲ្យបានត្រឹមត្រូវនិង សច្ចៈភាព ដោយត្រូវជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភាន់។
យុត្តិធម៍ និងមិនលម្អៀង គឺ អ្នកសារព័ត៌មាន គួរតែបង្ហាញគ្រប់ភាគីនៃបញ្ហាមួយដោយយុត្តិធម៌ និង មានគោលដៅ។ ជាមួយឯករាជ្យភាព គណនេយ្យភាព និងការគោរាព ដោយក្នុងនោះ អ្នកសារព័ត៌មានគួរតែគោរពឯកជនភាពរបស់បុគ្គល និងគួរជៀសវាងបង្ក គ្រោះថ្នាក់ដល់បុគ្គល ឬសង្គម ។ ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ ប្រសិទ្ធិ ក៏បានជម្រាបជូនពីការកំណត់និយាមអប្បបរមាសម្រាប់សកម្មភាពផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ និងតាមគ្រប់មធ្យោបាយក្នុងគោលបំណងធានាសង្គតិភាព នៃការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានរួមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សំដៅធានា «ភាពពិត ត្រឹមត្រូវ ស្មោះត្រង់ យុត្តិធម៌ មិនលម្អៀង និងគោរពសិទ្ធិអ្នកដទៃ» ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលស្របតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ៕