ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម ក្រើនរំលឹកដល់ថ្នាក់ក្រោមជាតិត្រៀមឆ្លើយតប ហានិភ័យនៃគ្រោះមហន្តរាយកើតឡើងដោយយថាហេតុនិងបន្តចុះជួបផ្ទាល់ ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន អតីតយុទ្ធជនឱ្យ ទទួលបាននូវ អត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង

នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅការងាឆ្នាំ២០២៥ខេត្តនិងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តការងារឆ្នាំ២០២៥របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលការងារ គ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធ កម្ពុជា ខេត្តកោះកុងឆ្នាំ២០២៤ របស់ លោកជំទាវ មិថុនាភូថង អភិបាលខេត្ត រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដ៏ល្អប្រសើរ គួរជាទីមោទនៈ ដែលគណៈកម្មា ធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជន គ្រប់លំដាប់ ថ្នាក់ សម្រេចបានក្នុងឆ្នាំ២០២៤ កន្លងមកនេះ ដែលជាលទ្ធផលកើតចេញ ពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងកិច្ចសហការល្អពីគ្រប់សមាសភាពពាក់ព័ន្ធ ជាកម្លាំងសរុប ក្នុងការបម្រើផលប្រយោជន៍ សេចក្ដីត្រូវការ និងការរីកចម្រើនក្នុងជីវភាពរស់នៅរបស់បងប្អូន អតីត យុទ្ធជន និងប្រជាពលរដ្ឋរបស់យើង។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង ១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជន កម្ពុជា ត្រូវបានបង្កើតឡើង ដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជា អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែង បានចុះជួបផ្ទាល់ ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាព អតីតយុទ្ធជនឱ្យ ទទួលបាននូវ អត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ ទន្ទឹមនោះឯកឧត្តមបានផ្តាំផ្ញើឲ្យលោក លោកស្រី មេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និង លោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ៕