ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសភាស្តីពីការស្វែងយល់ការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង២០២៥
នាព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសភាស្តីពីការស្វែងយល់ការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ២០២៥។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ឯកឧត្តមបណ្ឌិត សួន សុធី អគ្គសវនករង នៃអជ្ញាធរសវនកម្មជាតិ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរសវនកម្មជាតិ និងមន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
នៅក្នុងឱកាសនេះ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានលើកឡើងពីចំណាប់អារម្មណ៍គន្លឹះស្តីពីក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៥ និង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានរាយការណ៍សង្ខេបស្តីពីវឌ្ឍនភាព កត្តាប្រឈម និងសមិទ្ឋផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុង រយៈពេលកន្លងមក ក៏ដូចជាបង្ហាញពីទស្សនទានគន្លឹះ និងការវិភាគគ្រប់ជ្រុងជ្រោយក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយនេះ និងដាក់ចេញនូវវិធានការកែទម្រង់ជារចនាសម្ព័ន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបញ្ចៀសនូវផលប៉ះពាល់នៃហានិភ័យនានាទាំងក្នុងកម្រិតសកល និងតំបន់ផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា
ក្នុងរយៈពេលជាង១ឆ្នាំនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយវិចារណញ្ញាណ ភាពស្វាហាប់ និងចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ និងសបញ្ជាក់ថា រាជរដ្ឋាភិបាលដើរលើគន្លងដ៏វិជ្ជមាន និងត្រឹមត្រូវ ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍លើក ឡើងថា តាមរយៈក្របខ័ណ្ឌគោលនយោបាយថវិការយៈពេលមធ្យមឆ្នាំ២០២៥-២០២៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ថា សេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងសម្រេចបានកំណើន ៣,២%ធៀបនឹងឆ្នាំ២០២៤ និង ៣,១% ដោយសារតែការបន្តថមថយនៃផលប៉ះពាល់ពីវិបត្តិ និងការត្រលប់មកវិញជាបណ្តើរៗ ទៅរកប្រក្រតីភាពនៃអត្រាអតិផរណា។ នៅក្នុងការវិភាគរបស់ រាជរដ្ឋាភិបាល ក៏បានបង្ហាញដែរថា សេដ្ឋកិច្ចសកល នៅបន្តហ៊ុំព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ។ ទោះបីយ៉ាងណាក៏ដោយ ក៏កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤នេះ នឹងបន្តកើនក្នុងអត្រា៦.០% និងក្នុង ឆ្នាំ២០២៥ ត្រូវបានព្យាករថានឹងមានកំណើន ៦,៣% ។
ក្នុងន័យនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភាសូមគាំទ្រទាំងស្រុងទៅលើការវិភាគយ៉ាងលំអិត និងគ្រប់ជ្រុង ជ្រោយប្រកបដោយវិជ្ជាជីវៈខ្ពស់ ទៅលើស្ថានភាពនយោ បាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងក្នុងប្រទេស និងសកល ហើយបានដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុសាធារ ណៈ និងវិធានការចាំបាច់ក្នុងការលើកកម្ពស់ការកសាង
មូលដ្ឋានគ្រឹះសេដ្ឋកិច្ច ក៏ដូចជាពង្រឹង និងពង្រីកសសរស្ដមសេដ្ឋកិច្ចជាតិ ឲ្យមានជីវភាពចម្រុះ ភាពរឹងមាំ និងភាពធន់តទៅអនាគតជាមិនខានឡើយ។ ព្រមជាមួយនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៍សូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាល បន្តវិចារណកម្មចំណាយទៅលើវិស័យអាទិភាព និងគ្រប់គ្រងចំណូល និងចំណាយតាមក្រសួងស្ថាប័ន ប្រកប ដោយប្រសិទ្ឋភាពខ្ពស់ តម្លាភាព និងគណនេយ្យភាព ពិសេសអនុវត្តនូវអភិបាលកិច្ចល្អ។ បន្តរក្សាលំនឹងជីវភាពប្រជាជន និងរក្សាឲ្យបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម។ នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភានឹងចូលរួមនៅក្នុងការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុល ដើម្បីជាធាតុចូលសម្រាប់ប្រើប្រាស់ និងជាមូលដ្ឋានគ្រឹះក្នុងការឈានទៅពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ខាងមុខឆាប់ៗនេះ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្របខ័ណ្ឌថវិកាឆ្នាំ ២០២៥រួមជាមួយនឹងវិធានការគោលនយោបាយជាក់លាក់ទាំងផ្នែកចំណូល និងផ្នែកចំណាយ។ ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយ គតិយុត្តិប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការ រក្សាការការពារ និងពង្រឹងបន្ថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឲ្យការអភិវឌ្ឍរបស់កម្ពុជា តទៅមុខទៀត៕