ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលអូស្រ្តាលី មុនចេញទៅបន្តការសិក្សា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥ ចំនួន៣៤នាក់ ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ណែនាំ នៅវិមានរដ្ឋសភា មុនពេលចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី នាពេលខាងមុខ។
លោកស្រី ញឹម ដាលីន តំណាងនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលអូស្រ្តាលី បានឡើងមានមតិគោរពថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលបានផ្តល់កិត្តិយស និងឱកាសឱ្យក្រុមនិស្សិតជ័យលាភីទាំង៣៤នាក់ បានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ ក៏ដូចជាចែករំលែកនូវបទពិសោធន៍នានា ដើម្បីក្រុមនិស្សិតបានសិក្សាស្វែងយល់ ជាពិសេសពីស្ថាប័ននីតិប្បញ្ញត្តិ សម្រាប់ជាពុទ្ធិបន្ថែមមុននឹងចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍សំដែងការអបអរសាទរ និងបង្ហាញនូវមោទនភាព និងមានក្តីសប្បាយរីករាយចំពោះនិស្សិតទាំងអស់ និងក្រុមគ្រួសារ ដែលទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្រាលី គឺជាអាហារូបករណ៍មួយដែលមានការប្រកួតប្រជែងកម្រិតខ្ពស់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សង្ឃឹមថាក្រុមនិស្សិតទាំងអស់ នឹងជាចំណែកមួយដ៏សំខាន់ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់អភិវឌ្ឍសង្គមជាតិនាពេលអនាគត។
ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសំដែង នូវអំណរគុណជាខ្លាំងដល់រដ្ឋាភិបាលអូស្រាលី និងប្រជាជន អូស្ត្រាលីដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ ដល់ការស្តារសេដ្ឋកិច្ច-សង្គម កម្ពុជា ជាពិសេសបានបង្កើតឱ្យមានកម្មវិធីអាហារូបករណ៍អូស្ត្រាលី តាំងពី ឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ននេះ ដែលមាននិស្សិតជ័យលាភីចម្រុះ ទាំងនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទៅសិក្សារៀនសូត្រ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍បង្ហាញពីស្ថាប័ននីតិប្បញ្ញត្តិដល់ក្រុមនិស្សិតទាំងអស់បានយល់ ដឹង ទាក់ទងនឹងកិច្ចការងារដែលរដ្ឋសភាបានខិតខំបំពេញ យ៉ាងសកម្ម ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញកម្ពុជាឱ្យក្លាយជានីតិរដ្ឋ មានការអភិវឌ្ឍរីចម្រើនជឿនលឿន ស្របទៅតាមតួនាទីភារកិច្ចដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាទៅលើមុខងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ មុខងារពង្រីក និងពង្រឹងការទូត សភា ជាដើម។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧ គឺដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា គឺជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ។ ដោយសារឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតផ្ទាល់ធ្លាប់ធ្វើជាសា ស្ត្រាចារ្យ និងជាអ្នកចូលចិត្តសិក្សាស្រាវជ្រាវ និងជាអ្នករៀនសូត្រជារៀងរហូតមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានចែករំលែកបទពិសោធ ដល់ក្រុមនិស្សិតបានយល់ដឹងផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានធ្វើការផ្ដាំផ្ញើឱ្យនិស្សិតទាំងអស់ រក្សាសាមគ្គីផ្ទៃក្នុងឱ្យបានល្អប្រសើរ ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រទាំងនៅក្នុងថ្នាក់ និងស្វ័យរៀនសូត្រ ក៏ដូចជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់និស្សិត ដែលមកពីបណ្តាប្រទេសនានា និងទទួលយកបទពិសោធន៍ថ្មីៗល្អៗពីនិស្សិតនានា ដែលជាការឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែក និងការទទួលយក។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានផ្ដាំផ្ញើដល់និស្សិតទាំងអស់ សូមជួយផ្សព្វផ្សាយពីចំណុចវិជ្ជមានរបស់ប្រទេសកម្ពុជាឱ្យបានច្រើន រួមមានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរីកចម្រើនលើគ្រប់វិស័យ រួមទាំងយុទ្ធសាស្រ្តដ៏ជោគជ័យនៃការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា ដែលនាំឱ្យកម្ពុជា អាចបើកសេដ្ឋកិច្ចជាធម្មតាឡើងវិញជាដើម។ លើសពីនេះទៀត ត្រូវជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ជាពិសេសប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏ដូចជាជួយទាក់ទាញប្រជាជនអូស្ត្រាលី និងបណ្តាមិត្តភ័ក្ត្របរទេសដែលក្មួយៗស្គាល់ ឱ្យគេមកលេងប្រទេសកម្ពុជាឱ្យបានច្រើនថែមទៀត។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានប្រគល់ជូនថវិកាមួយចំនួនដល់លោកស្រី ញឹម ដាលីន តំណាងនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលអូស្រ្តាលីទាំងអស់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី នាពេលខាងមុខផងដែរ៕