ឯកឧត្តមចាយ បូរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វេនប៊ីន (Wang Wenbin ) ឯកអគ្គរដ្ឋទូតសារធារណ:រដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា
ឯកឧត្តមចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វេនប៊ីញ (Wang Wenbin )ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីក្រសួង ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្តមចាយ បូរិន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម វ៉ាង វេន ប៊ីញ ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានអបអរសាទរខួប៦៦ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងឆ្លៀតឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានអបអរសាទរជាមួយប្រជាជនចិនទូទាំងប្រទេស ដែលពិធីបុណ្យចូលឆ្នាំថ្មីចិនត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបង្ហាញច្បាស់ថា បុណ្យចូលឆ្នាំថ្មីចិន បានក្លាយជាបុណ្យចូលឆ្នាំ ទូទាំងពិភពលោក កាលពីចុងឆ្នាំ២០២៤កន្លងមក។
ឯកឧត្តម រដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំង ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងបានបង្តើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រថែមទៀតផង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រមានិតចិន ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជាលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ពិសេសបានផ្តល់អាហារូបករណ៏ដល់ក្រសួងធម្មការនិងសាសនា ដើម្បីប្រគេនគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ចាត់ចែងប្រគេនបន្តដល់ សមណនិស្សិត និស្សិតបានទៅបន្តការសិក្សានៅប្រទេសចិននាពេលកន្លងមក។
ទន្ទឹមនេះ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន អំពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា សម្រាប់វិស័យធម្មការនិងសាសនា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ហើយនេះ ជាតថភាពមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃនៃសាមគ្គីភាព និងភាពសុខដុមរមនាសាសនានៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យសាសនាទាំងអស់រស់នៅរួមគ្នា ប្រកបដោយសុខក្សេមក្សាន្ត។ ហើយកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រនូវគំនិតផ្តួចផ្តើម ព្រមទាំងតួនាទីកាន់តែសំខាន់របស់ មិត្តចិនក្នុងកិច្ចការតំបន់ និងសកល។
ឯកឧត្តមចាយ បូរិន ក៏បានស្នើរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ជួយជម្រុញឱ្យមានក្រុមការងារសម្របសម្រួលរវាង ស្ថានប័នរដ្ឋគ្រប់គ្រងលើវិស័យសាសនា កម្ពុជា-ចិន ជាពិសេសកិច្ចសហការរៀបចំ ផ្លាស់ប្តូរព្រះពុទ្ធសាសនា និងព្រះពុទ្ធសាសនា តាមបែបទេសចរណ៍ព្រះពុទ្ធសាសនា។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីចំពោះការសា្វគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងចិន និងកម្ពុជាលើវិស័យសាសនា នាពេលកន្លងមក។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍បញ្ជាក់ថា វិស័យសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាពយ៉ាងជិតស្និតរវាង ប្រទេសនិងប្រទេស ប្រជាជននិងប្រជាជន នៃប្រទេសយើងទាំង២ ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេលជាង១ឆ្នាំនេះ ព្រមទាំងសន្យាបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាមិត្តដែកថែបលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសាសនាផងដែរ ។ ដើម្បីជម្រុញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងក្នុងនាមជាប្រទេសអ្នកប្រតិបត្តិព្រះពុទ្ធសាសនា និងការជម្រុញវិសយទេសចរណ៍សាសនានោះ ឯកឧត្តមសុំការសហការជាមួយក្រសួងធម្មការនិងសាសនាក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសាសនាក្នុងការយាងព្រះចង្កូមកែវព្រះសម្មាសម្ពុទ្ធនៅប្រទេសចិនមកគោរពបូជានៅក្នុងព្រះរាជាណាចក្រកម្ពុជាមួយរយ:ក្នុងពេលវេលាសមស្របណាមួយ។
ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរដល់ ឯកឧត្តមឯកអគ្គរដ្ឋទូតនិងសហការីទាំង ទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនៅកម្ពុជា និងជូនពររដ្ឋាភិបាលនិងប្រជាជនចិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខ ជួបតែសេចក្តីសុខ សុវត្ថិភាពគ្រប់ប្រការ ៕