ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា ៖ Angkor Ultra Trail ផ្សព្វផ្សាយទេសចរណ៍ និងបង្ហាញពីសុខសន្តិភាពនៅកម្ពុជា
ព្រឹត្តិការណ៍រត់ប្រណាំង ចម្ងាយឆ្ងាយ អន្តរជាតិអង្គរ លើកទី៨ ឬ Angkor Ultra Trail 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមករា នៅខេត្តសៀមរាប។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ប្រណាំងជាលក្ខណៈអន្តរជាតិនេះនឹងរួមចំណែកសំខាន់ក្នុងការជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើកកម្ពស់តំបន់អង្គរបេតិកភណ្ឌពិភពលោក, ជំរុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ និងគម្រោងមនុស្សធម៌ ថ្លែងនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ លើកទី៨ ឆ្នាំ២០២៥ 8th Angkor Ultra-Trail 2025 នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា សម្រាប់អ្នកចូលរួម ដែលបានចុះឈ្មោះគិតត្រឹមថ្ងៃទី០៥ ខែមករា មាន១៣៦៨នាក់ មកពី៤៤ប្រទេស ខណៈគណៈកម្មការរៀបចំរំពឹងថា នឹងមានអ្នកចូលរួមសរុបខ្ទង់១៧០០នាក់។ វិញ្ញាសាប្រកួតមាន ១០០គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ ៤២ គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៨គីឡូម៉ែត្រ និង និង៨គីឡូម៉ែត្រ។ អ្វីគួរកត់សម្គាល់ថែមទៀតនោះ គឺវិញ្ញាសា១០០គីឡូម៉ែត្រ មានអ្នករត់ជាជនជាតិខ្មែរ២៥ភាគរយ ដែលក្នុងនោះមានស្ត្រីចំនួន៥រូប។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរំលឹកថា សម្រាប់ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ២០១៦ ហើយចំនួនអ្នកចូលរួមមកពីក្រៅប្រទេសកើនឡើងជាបន្តបន្ទាប់ ចាប់ពីជាង២០០នាក់ដល់ជាង១០០០នាក់នាពេលបច្ចុប្បន្ន។ តួលេខនេះបានបង្ហាញថា កម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និង សុវត្ថិភាពពេញលេញ ព្រោះអាចរត់ប្រណាំងកាត់ព្រៃ និងចុងកាត់មាត់ញក ទាំងយប់ ដោយមិនបារម្ភ។ អ្នកចូលរួមកាន់តែច្រើន និងពីប្រទេសកាន់តែច្រើនក៏អាចផ្សព្វផ្សាយបានពីតំបន់ទេសចរណ៍នានានៅកម្ពុជា។
លោក Edouard George ប្រធានស្ថាប័នរៀបចំសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ ត្រូវបានទទួលស្គាល់ពីសហព័ន្ធ Ultra Trail អន្តរជាតិ ដូច្នេះអ្នកចូលរួមរត់ព្រឹត្តិការណ៍នៅកម្ពុជានឹងមានពិន្ទុក្នុងស្ថាប័នអន្តរជាតិ។ នេះក៏ជាការជំរុញព្រឹត្តិការណ៍នៅកម្ពុជាកាន់តែទាក់ទាញបានអ្នកចូលរួមច្រើនឡើង។
ជុំវិញគោលបំណងនៃការរៀបចំ លោក Eduard បន្ថែមថា ថវិកាបានមកពីការចូលរួមដោយអ្នកចូលរួម និងអ្នកឧបត្ថម្ភ នឹងត្រូវបានធ្វើជាមូលនិធិសម្រាប់គម្រោងទឹកស្អាតដល់សាលារៀន និងភូមិមួយក្នុងខេត្តសៀមរាប៕