ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ក្នុងមនោសញ្ចេតនាសោកស្ដាយ ស្រណោះ អាឡោះអាល័យ និងចូលរួមរំលែកទុក្ខជាមួយ សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារចំពោះការបាត់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសបង្កើតរបស់ សម្ដេចតេជោ, នារសៀលថ្ងៃទី២៩មីនា, ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ដឹកនាំគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចូលរួមដាក់កម្រងផ្កា គោរពវិញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ពិតជាមានការសោកស្តាយជាពន់ពេកចំពោះការបាត់បង់ឥស្សរជនមួយរូប ជាបង ប្រុសច្បងជាទីស្រឡាញ់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងជាបងបង្កើត បងថ្លៃ ឪពុក ឪពុកក្មេក និងជីតាជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ដែលបានចូលរួមកសាងនូវសមិទ្ធផល នានាជូនជាតិ និងសាសនាក្នុងអាយុកាលដែលលោករស់នៅ។

ក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សូមសម្ដែងនូវការស្តាយស្រណោះក្រៃលែង និងសូមចូល រួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ សម្តេចតេជោ នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ក្រុមគ្រួសារប្រកបដោយសមានទុក្ខ និងក្តីសង្វេគជាទីបំផុត ព្រមទាំងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ប៊ុន សាន សូមអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕